(ពិភពលោក)៖ នៅថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖

១៖ សហរដ្ឋអាមេរិក​ បានធ្វើការបាញ់​ទម្លាក់ដោយ​ជោគជ័យនូវគ្រាប់មីស៊ីល​ផ្លោងរយៈ​មធ្យម (IRBM) ដែលស្រដៀង​​ទៅ​នឹង​ប្រភេទមីស៊ីល កំពុងត្រូវបានអភិវឌ្ឍន៍​ដោយប្រទេសមួយចំនួន ដូចជាកូរ៉េខាងជើងជាដើម នៅក្នុងការធ្វើតេស្ត​សាកល្បង​សមត្ថភាព​ថ្មី​ដ៏សន្លាងបំផុត ទៅលើប្រព័ន្ធខែល​ការពារ​មីស៊ីល THAAD៕

២៖ យាន​អវកាស Juno របស់​អង្គការ NASA ដែលកំពុងស្ថិត​ក្នុងគន្លងក្បែរ​ភពព្រហស្បតិ៍ (Jupiter) បានចាប់ផ្តើមបញ្ជូន​ទិន្នន័យ ក៏ដូចជារូបភាពដ៏កៀកបំផុតមិនធ្លាប់មាននៃបាតុភូតដ៏​អាថ៌កំបាំង «Great Red Spot» ហើយ​នៅក្នុងអំឡុង​នៃការហោះ Flyby៕

៣៖ នាវាដឹកជញ្ជូនពលទាហានចិនទៅកាន់មូលដ្ឋានយោធា នៅក្រៅប្រទេសដំបូងគេរបស់ទីក្រុងប៉េកាំង នៅឯប្រទេស Djibouti (ជីប៊ូទី) ភាគខាងកើតទ្វីបអាហ្វ្រិកនោះបានចាកចេញពី ប្រទេសចិនហើយ ដើម្បីចាប់​ផ្តើម​​ដំណើរការ​នៃការបោះមូលដ្ឋានទ័ព​នៅទីនោះ៕

៤៖ សហរដ្ឋអាមេរិក និងកាតា​បានយល់ព្រម​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​មួយ ស្ដីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ការផ្ដល់ហិរញ្ញវត្ថុ​ដល់ពួកភេរវករ ខណៈបណ្ដារដ្ឋអារ៉ាប់ជិតខាង ចោទទីក្រុង ដូហាថាបានគំាទ្រពួកភេរវករ៕

៥៖ ជប៉ុន កំពុងគិតគូរផ្លាស់ប្ដូរទីតាំងយន្ដហោះចម្បាំងអាមេរិក១២០គ្រឿង ដែលកំពុងប្រតិបត្តិការនៅលើនាវាផ្ទុកយន្ដហោះអាមេរិកនៅតំបន់ប៉ាស៊ីហ្វិកខាងលិចពីខេត្ត Kanagawa​ ទៅ​កាន់ទីក្រុង Iwakuni នៃខេត្ត Yamaguchi ដោយសារមានការតវ៉ាជំទាស់នឹងការបំពុលបរិស្ថានពីយន្ដហោះទាំងនេះ៕

៦៖ កងទ័ព ​កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ដែលជាសម្ព័ន្ធទាំងបី​មានសត្រូវរួមមួយគឺ កូរ៉េខាងជើងនោះ បានប្តេជ្ញាជាថ្មីថានឹងរួមគ្នាដាក់​សម្ពាធគ្រប់បែបយ៉ាងឲ្យបានខ្លាំងក្លាប្រឆាំង នឹង​ទៅនឹងសកម្មភាព​បង្កហេតុ​របស់ទីក្រុងព្យុងយ៉ាង៕