(​ប្រេស៊ីល)៖ អតីតប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ដែលជាបេក្ខជនដ៏សំខាន់នៅក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីនៅឆ្នាំ២០១៨ ត្រូវបានតុលាការកាត់ ទោសកាលពីថ្ងៃពុធ (ម៉ោងនៅប្រេស៊ីល) ឱ្យជាប់ពន្ធនាគារជិត១០ឆ្នាំ ពីបទពុករលួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧។​

ការសម្រេចចិត្តកាត់ទោស លោក Lula ឱ្យជាប់ពន្ធនាគាររយៈពេល០៩ឆ្នាំ និង០៦ខែ គឺជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល និងជាការរារាំងផ្លូវមិនឱ្យអតីតមេដឹកនាំរូបនេះ ត្រឡប់ចូលឆាកនយោ បាយវិញ ខណៈប្រធានាធិបតីប្រេស៊ីលបច្ចុប្បន្ន លោក Michel Temer ក៏កំពុងជាប់ផុងក្នុងរឿងអាស្រូវពុករលួយដែរ បន្ទាប់ពីអតីតប្រធានាធិបតីលោកស្រី Dilma Rousseff ត្រូវបានគេ ទម្លាក់ពីតំណែងដោយសារតែរឿងពុករលួយ។ ប៉ុន្តែយ៉ាងណា លោក Lula នៅមានសិទ្ធិប្ដឹងជំទាស់នឹងសាលក្រមនេះ ហើយមេធាវីរបស់លោកក៏បានបញ្ជាក់ដែរថានឹងប្ដឹងជំទាស់ទៅកាន់ តុលាការប្រេស៊ីល និងអង្គការសហប្រជាជាតិ។

គួរបញ្ជាក់ថា បើតាមចៅក្រម លោក Sergio Moro បានរកឃើញថា លោក Lula មានអាយុ៧១ឆ្នាំ និងធ្លាប់ជាអតីតប្រធានាធិបតីប្រេស៊ីលពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១១ បានទទួល សំណូកជាង១.២លានដុល្លារ ពីក្រុមហ៊ុនសំណង់ OAS SA​ ដើម្បីជួយឱ្យក្រុមហ៊ុនមួយនេះទទួលបានកិច្ចសន្យា ជាមួយក្រុមហ៊ុនប្រេងរដ្ឋ Petroleo Brasiliero​ តែលោក Lula បានបដិសេធ៕