(​គូឡាឡាំពួរ)៖ រដ្ឋមន្ត្រីទទួល​បន្ទុកកិច្ចការពិសេស​ម៉ាឡេស៊ី លោក Hishammuddin Hussein នៅថ្ងៃព្រហស្បតិ៍នេះ​បាននិយាយថា លោកនឹងព្យាយាម​ស្វែងរក​ដំណោះស្រាយ​សម្រាប់​វិបត្តិការ​ទូតរវាងកាតា និងប្រទេសអារ៉ាប់ជិតខាង នៅអំឡុងពេល​បំពេញដំណើរទស្សនកិច្ច​នៅកាន់បណ្ដា​រដ្ឋអារ៉ាប់ ដែលគ្រោង​នឹងធ្វើឡើង​នៅសប្ដាហ៍​ក្រោយនេះ។ នេះបើតាម​ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងស្រុក ដកស្រង់​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧។

លោក Hussein នៅក្នុង​សម្រង់សម្ដី​មួយចុះផ្សាយ​ដោយ The Star Online បានលើក​ឡើងយ៉ាងដូច្នេះថា «យើងត្រូវ​ការបង្ហាញទៅ​កាន់បណ្ដា​ប្រទេស​អារ៉ាប់ថា ម៉ាឡេស៊ី និងតំបន់​ទំាងមូល ពិតជាមាន​ការព្រួយបារម្ភ​ ចំពោះវិបត្តិការ​ទូតបច្ចុប្បន្ន... ខ្ញុំសង្ឃឹមថា អាចនឹង​រកឃើញស្ថានភាព​ជាក់ស្ដែង និងទទួល​បានព័ត៌មាន​បន្ថែមពី​បណ្ដាមេដឹកនាំ​អារ៉ាប់ ហើយបើ​ទោះជា​ម៉ាឡេស៊ី កំពុងដើរតួនាទី​ណាមួយ​ក៏ដោយ ប៉ុន្តែយើង​នៅតែត្រូវដឹង​ឱ្យច្បាស់​ថា តើហេតុអ្វី​បានជាពួកគេ​មានជម្លោះ​ការជាមួយ​កាតា»

គួរបញ្ជាក់ថា បើតាម The Star Online លោក Hishammuddin Hussein ត្រូវបាន​គេរំពឹងថា នឹងជួបពិភាក្សា​ការងារ​ជាមួយមេដឹកនាំ​ បារ៉ែន អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម នៅ​អំឡុងដំណើរទស្សនកិច្ច​នៅសប្ដាហ៍​ក្រោយនេះ៕