(ប៉ារីស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួមនិងភរិយាបាន​ធ្វើដំណើរ​មកដល់ប្រទេស​បារាំងហើយ នាថ្ងៃព្រហស្បតិ៍​នេះ នៅ​ឯអាកាស​យានដ្ឋាន Orly ភាគខាងត្បូង​នៃទីក្រុងប៉ារីស ដើម្បីបំពេញ​ទស្សនកិច្ច​រយៈពេលពីរ​ថ្ងៃនៅទីនេះ។ នេះបើតាម​ការចេញផ្សាយ​​ដោយ សារព័ត៌មានអង់គ្លេស Daily Mail (Mail Online) នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧។

លោក ដូណាល់ ត្រាំ បានមកដល់​រដ្ឋធានីនៃប្រទេសបារាំង​នាព្រឹកថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅប៉ារីស) បន្ទាប់បានធ្វើការ​ហោះហើរ​ទាំងយប់​ចេញពីរដ្ឋធានី​វ៉ាស៊ីនតោន នៅប៉ុន្មានម៉ោង​មុនជំនួបពិភាក្សារ​វាងរូបលោក និងប្រធានាធិបតី​បារាំង លោក Emmauel Macron ដើម្បីស្វែងរក​ដំណោះស្រាយ​លើបញ្ហាសំខាន់ៗមួយចំនួន រួមមានវិបត្តិ​នៅស៊ីរីជាដើម និងរិះរកយុទ្ធ​សា​ស្រ្ត​​បង្ក្រាប​អំពើ​ភេរវកម្ម​ ដែល​មាន​ភាព​ទូលំទូលាយ​ជាងមុន។

គួរបញ្ជាក់ថា ក្នុងដំណើរបំពេញ​ទស្សនកិច្ច​នៅទីក្រុងប៉ារីសនេះ លោក ត្រាំ ក៏នឹងធ្វើការ​អបអរខួបគម្រប់ ១០០ឆ្នាំ នៃការចូល​រួម​​របស់​សហ​រដ្ឋ​អាមេរិក នៅ​ក្នុង​សង្រ្គាម​លោក​​លើក​ទីមួយ តាមរយៈការចុះ​សួរសុខទុក្ខកងទ័ព​អាមេរិកនៅទីនោះ និងអញ្ជើញ​ចូលរួមជាភ្ញៀ​វ​​កិត្តិ​យស​នៅក្នុងបុណ្យជាតិ​បារាំង Bastille Day ផងដែរ៕