(​ម៉ូស្គូ)៖ យោធារុស្ស៊ីមកពីអង្គភាពតំបន់ Eastern Military District (EMD) នៅថ្ងៃព្រហស្បតិ៍នេះ បានដឹកនាំ​ការធ្វើសមយុទ្ធ​យោធាទ្រង់ទ្រាយធំ​មួយ នៅឯតំបន់ចុងខាងកើត​បំផុតប្រទេស។ នេះបើតាមប្រភពពី​យោធារុស្ស៊ី ដកស្រង់ដោយទីភ្នាក់ងារ​សារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧។

ការធ្វើសមយុទ្ធយោធា​នេះ ធ្វើឡើងនៅចំពេល​ដែលយោធា​អាមេរិក និងសម្ព័ន្ធមិត្ត​របស់ខ្លួន​កំពុងធ្វើ​សមយុទ្ធយោធា​ប្រចំាឆ្នាំ ដែលផ្ដើមពី​ថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែកក្កដា ដោយមាន ការចូលរួមពី​យោធា ២៥,០០០នាក់ មកពីប្រទេស​ជាសម្ព័ន្ធមិត្ត​អាមេរិកចំនួន ២២។

​នៅក្នុងសេចក្ដីថ្លែងការណ៍​​របស់ខ្លួន យោធារុស្ស៊ី​បានបញ្ជាក់យ៉ាងដូច្នេះ «នៅអំឡុងសមយុទ្ធនេះ​ កងកម្លំាងពិសេសរុស្ស៊ី នឹងបានរៀន​សូត្រ​ពីរបៀបដឹកនាំ​ការស៊ើបការណ៍ ក៏ដូចជាការ​វាយប្រហារទៅ​គោលដៅ​ជាច្រើន នៅក្រោម​លក្ខខណ្ឌ​អាកាសធាតុ​ដ៏លំបាក ដូចជានៅ​ពេលមាន​ខ្យល់បក់ បោកខ្លាំង​ជាដើម... ហើយមិនតែ​ប៉ុណ្ណោះ ពួកគេក៏នឹងបានស្វែង​យល់​ពីរបៀប កម្ទេច​កងទ័ពជើង​គោក និងក្រុមអ្នក​បាញ់ស៊ីប​របស់សត្រូវ​ផងដែរ»

គួរបញ្ជាក់ថា កងកម្លាំងពិសេស​រុស្ស៊ី ២,០០០នាក់ បានចូលរួមនៅ​សមយុទ្ធយោធា រៀបចំឡើង​ដោយអង្គភាព​តំបន់ Eastern Military District (EMD) ដែលមានRepublic of Buryatia, Khabarovsk Krai (province), Primorsky Krai, Zabaikalsky Krai និង​តំបន់ Sakhalin Oblast៕