(វ៉ាស៊ីនតោន)៖ កូនប្រុសច្បងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺលោក ដូណាល់ ត្រាំ ជូនា (Donald Trump Jr.) ដែល​កំពុងរងគ្រោះយ៉ាងខ្លាំងក្លា នៅក្នុងរឿងរ៉ាវដ៏ចម្រូងចម្រាសពាក់ព័ន្ធនឹង ជំនួបជាសម្ងាត់មួយកាលពីពាក់កណ្តាលឆ្នាំ២០១៦ រវាង​លោក និងមេធាវីម្នាក់ដែលអាចជាខ្សែបណ្តាញរបស់រដ្ឋាភិបាលរុស្ស៊ីនោះ នឹងត្រូវកោះហៅឲ្យទៅផ្តល់សក្ខីកម្មនៅចំពោះមុខសភាអាមេរិក។ នេះ​បើតាមការឲ្យដឹងពីគណៈកម្មាធិការយុត្តិធម៌អាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមសេចក្តីរាយការណ៍របស់ស្ថានីយ៍ទូរទស្សន៍អាមេរិក CNN សមាជិកព្រឹទ្ធសភា នៃបក្សសាធារណរដ្ឋលោក Chuck Grassley បានថ្លែងថា រូបលោកមានបំណងចង់ផ្ញើលិខិតទៅកាន់លោក Trump Jr. ដើម្បីកោះហៅកូនប្រុសបណ្តូលចិត្តរបស់លោក ដូណាល់ ត្រាំ រូបនេះ មកសាកសួរឲ្យបានច្បាស់លាស់ ហើយលោក Trump Jr. អាចនឹងត្រូវហោះហៅយ៉ាងលឿនបំផុតគឺនៅសប្តាហ៍ក្រោយនេះ​ឯង​តែម្តង។ ជុំវិញរឿងនេះ ប្រធានសភាតំណាងរាស្រ្តអាមេរិកលោក Paul Ryan បានលើកឡើងថា នរណាក៏ដោយ ដែលត្រូវបានកោះ​ហៅឲ្យទៅផ្តល់សក្ខីកម្មនៅចំពោះមុខព្រឹទ្ធសភា គួរតែគោរពធ្វើតាម។

សូមជម្រាបថា លោក Trump Jr. កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបង្ហោះកំណត់ត្រាពេញលេញនៃសារអ៊ីម៉ែលរបស់លោក ដែល​ឈានឲ្យមានការរៀបចំជំនួបជាសម្ងាត់មួយកាលពីខែមិថុនា ឆ្នាំ២០១៦ រវាងរូបលោក និងមេធាវីរុស្ស៊ីម្នាក់ ដែលត្រូវបានគេសង្ស័យថា មានទំនាក់ទំនងជាមួយ​និង​រដ្ឋាភិបាលទីក្រុងម៉ូស្គូ ហើយរឿងរ៉ាវលេចឡើងថ្មីនេះ ប្រៀបដូចភស្តុតាំងជាក់ស្តែងមួយផ្សេងទៀត ដែល​​គាំទ្រមន្ទិលសង្ស័យដែលថា ក្រុមយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ បានឃុបឃិតជាមួយរដ្ឋាភិបាលបរទេស គឺប្រទេសរុស្ស៊ី កាល​ពីអំឡុងការឃោសនារកសំឡេងឆ្នោតកាលពីឆ្នាំមុន។

គួរបញ្ជាក់ដែរថា យោងតាមបណ្តុំសារអ៊ីម៉ែលនោះ លោក Trump Jr. បានយល់ព្រមទាំងពេញចិត្តពេញថ្លើមយ៉ាងខ្លាំង ក្នុងការរៀបចំ​ជំនួបនេះ ប​ន្ទាប់ពីបុរសម្នាក់មានឈ្មោះថា Rob Goldstone ដែលជាអ្នកស្គាល់គ្នា បានប្រាប់ថាមេធាវីរុស្ស៊ីរូបនោះ គឺលោកស្រី Natalia Veselnitskaya មានព័ត៌មានអាក្រក់ៗជាច្រើនស្តីពីលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលជាគូប្រជែងរបស់លោក ដូណាល់ ត្រាំ។ ជាមួយ​គ្នានេះ នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ លោកស្រី Veselnitskaya បានច្រានចោលចំពោះការលើកឡើង ដែលថាលោក​ស្រីបានពិភាក្សាអំពីបញ្ហាទាក់ទងនឹងលោកស្រី គ្លីនតុន ជាមួយលោក Trump Jr. កាលពីអំឡុងជំនួបនោះ ហើយមេធាវីរូបនេះ ក៏បាន​បដិសេធថាមិនមានចំណងទាក់ទងអ្វីទាំងអស់ជាមួយរដ្ឋាភិបាលរុស្ស៊ីផងដែរ៕​