(កាតា)៖ មុនពេលដែលវិបត្តិកាទូតនៅកាតា ឈានដល់ដំណាក់កាលធ្ងន់ធ្ងរបែបនេះ ប្រទេស កាតា ធ្លាប់ចុះកិច្ចព្រមព្រៀងមួយចំនួនជាមួយបណ្តាប្រទេស ជិតខាងរបស់ខ្លួន កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៤កន្លងទៅនេះ ក្នុងគោលដៅទប់ស្កាត់រាល់ការគាំទ្រទៅលើក្រុមប្រឆាំង និងសត្រូវរបស់បណ្តាប្រទេសហត្ថលេខី ក្នុងនោះរួមមានទាំងប្រទេស អេហ្ស៊ីប និងយ៉េមែនផងដែរ។

ការពិតទៅកិច្ចព្រមព្រៀងនេះត្រូវបានគេដឹងលឺជាសាធារណៈពិតមែន ប៉ុន្តែទាំងមាតិកា និងខ្លឹមសារទាំងមូលនៃកិច្ចព្រមព្រៀងទាំងនេះត្រូវបានរក្សាទុកជាសម្ងាត់ ដោយសារភាពរស៊ើបនៃវិបត្តិនានា មានពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ ហើយវាត្រូវបានព្រមព្រៀងជាសម្ងាត់រវាងមេដឹកនាំនៃរដ្ឋហត្ថលេខីទាំងនោះ។ កិច្ចព្រមព្រៀង នេះត្រូវបានភ្នាក់ងារសារព័ត៌មាន CNN ទទួលបានផ្តាច់មុខ ពីតំបន់ដែលរក្សាទុកឯកសារទាំងនោះ។

រហូតមកទល់បច្ចុប្បន្ន បណ្តាប្រទេសឈូងសមុទ្រ បានចោទប្រកាន់ប្រទេសកាតា ថាមិនបានអនុវត្តន៍តាមកិច្ចព្រមព្រៀងទាំងពីរ ដែលនេះហើយជាឬសគល់នៃការ បញ្ឆេះឱ្យវិបត្តិកាទូតផ្ទុះឡើងនៅតំបន់មជ្ឈឹមបូព៌ាអស់រយៈពេលជាយូរមកនេះ។

ក្នុងសេចក្តីថ្លែងការណ៍មកកាន់ភ្នាក់ងារសារព័ត៌មាន CNN ប្រទេស កាតា បានចោទប្រកាន់បកទៅប្រទេស អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមថាបានបំពានលើកិច្ច ព្រមព្រៀង ព្រមទាំងបានឈ្លានពានលើដែនអធិបតេយ្យភាពរបស់ប្រទេស កាតាផងដែរ។

* មាតិកានៃកិច្ចព្រមព្រៀង៖
កិច្ចព្រមព្រៀងមានចំនួនពីរលើក។ លើកទីមួយត្រូវបានសរសេរដោយដៃដែលធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងទៅនេះ ដែលត្រូវបានចុះហត្ថលេខា ដោយព្រះរាជាអារ៉ាប៊ីសាអូឌីត មេដឹកនាំប្រទេសកាតា និងប្រទេស គុយវ៉ែត។ ក្នុងកិច្ចព្រមព្រៀងនេះ បានទាមទារឱ្យប្រទេសហត្ថលេខីទាំងអស់បញ្ចៀសការលូកដៃ ក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសតាមឈូងសមុទ្រ ក្នុងនោះរួមមាន មិនត្រូវគាំទ្រជាហិរញ្ញវត្ថុ ឬនយោបាយដល់ក្រុមសកម្មជនប្រឆាំងរដ្ឋាភិបាលឡើយ។

កិច្ចព្រមព្រៀងនេះត្រូវបានឱ្យឈ្មោះថា កិច្ចព្រមព្រៀង Riyadh បានបញ្ជាក់ជាពិសេសផ្តោតសំខាន់ទៅលើការប្រឆាំងដាច់ខាតចំពោះការគាំទ្រ ទៅលើក្រុមភាតរភាពមូស្លីម ដែលកន្លងមកបណ្តាប្រទេសនៅឈូងសមុទ្រ តែងតែចោទប្រកាន់ប្រទេសកាតាម្តងហើយម្តងទៀត ថាកាតាបានគាំទ្រចំពោះក្រុមនេះ។ កិច្ចព្រមព្រៀងនេះ ក៏បានហាមឃាត់ផងដែរថា មិនត្រូវគាំទ្រក្រុមបក្សប្រឆាំងក្នុងប្រទេសយ៉េមែនឡើយ ព្រោះថាវាអាចនឹងគំរាមកំហែងដល់ប្រទេស ជិតខាង។

នៅក្នុងកិច្ចព្រមព្រៀងទីមួយ ប្រទេសទាំងអស់បានប្តេជ្ញា មិនគាំទ្រចំពោះប្រព័ន្ធផ្សព្វផ្សាយរបស់ពួកប្រឆាំង ដែលជាក់ស្តែងគឺសំដៅលើទៅលើសារព័ត៌មាន Al Jazeera ជាស្ថានីយ៍ព័ត៌មានផ្កាយរណប ដែលមានមូលដ្ឋានក្នុងប្រទេស កាតា និងត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលនេះផ្ទាល់តែម្តង ដែលធ្វើឱ្យបណ្តាប្រទេស ឈូងសមុទ្រដទៃទៀតចោទប្រកាន់ថា សារព័ត៌មាននេះ បានលើកកម្ពស់ក្រុមប្រឆាំងក្នុងតំបន់។

ដោយឡែកកិច្ចព្រមព្រៀងទីពីរមានចំណងជើងថា «ឯកសារអាថ៌កំបាំងបំផុត» ដែលត្រូវបានធ្វើឡើងក្នុងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយបានបន្ថែមប្រទេស ហត្ថលេខីបន្ថែមដែលក្នុងនោះមានដូចជា ស្តេចរបស់ប្រទេស បារ៉ែន ព្រះអង្គម្ចាស់ Abu Dhabi និងនាយករដ្ឋមន្ត្រីនៃប្រទេស អារ៉ាប់រួម។ កិច្ចព្រមព្រៀងទីពីរ នេះបានផ្តោតពិសេសថា បណ្តាប្រទេស ហត្ថលេខី ត្រូវគាំទ្រស្ថិរភាពក្នុងប្រទេស អេហ្ស៊ីប ព្រមទាំងរារាំងសារព័ត៌មាន Al Jazeera មិនឱ្យធ្វើជាវេទិកាសម្រាប់ក្រុម ឬតួអង្គដែលប្រឆាំងនឹងរដ្ឋាភិបាលអេហ្ស៊ីបឡើយ។

* កាតាលើកឡើងថា ការទាមទារមិនស្របតាមកិច្ចព្រមព្រៀងកាលពីមុន៖
ជាការឆ្លើយតបចំពោះសំណួររបស់ភ្នាក់ងារសារព័ត៌មាន CNN អ្នកនាំពាក្យរបស់ប្រទេសកាតា បានលើកឡើងថា ការពិតទៅប្រទេស អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ទៅវិញទេដែលជាអ្នកបំពានកិច្ចព្រមព្រៀងនេះ។ «អត្ថទាំងមូលនៃកិច្ចព្រមព្រៀងឆ្នាំ២០១៣ និង២០១៤ បានបង្ហាញថា មានបំណងចង់ពង្រឹង អធិបតេយ្យភាពរបស់ប្រទេសតាមឆ្នេរសមុទ្រ និងអាចធ្វើកិច្ចសហប្រតិបត្តិការួមគ្នាក្នុងគម្រោងការងារច្បាស់លាស់ណាមួយ។

ការទាមទារថ្មីៗនេះរបស់ពួកគេ គឺឱ្យប្រទេសកាតា បិទស្ថានីយ៍ទូរទស្សន៍ Al Jazeera បង្ខំបំបែកក្រុមការងារ ព្រមទាំងត្រូវបង់ប្រាក់សំណងជំងឺចិត្ត ដែលការទាមទារទាំងនេះ ពិតជាមិនសមស្របទៅតាមកិច្ចព្រមព្រៀង Riyadh ឡើយ។ អ្នកនាំពាក្យរបស់កាតា បានបន្ថែមថា «ប្រទេស អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម មិនបានប្រើប្រាស់ចំណុចណាមួយក្នុងកិច្ចព្រមព្រៀង Riyadh ដើម្បីធ្វើការចរចាជាមួយប្រទេស កាតាឡើយ»។

យ៉ាងនេះក្តី បណ្តារដ្ឋទាំងបួនបានសង្កត់ធ្ងន់ថា ការទាមទារទាំង១៣ចំណុចទៅលើប្រទេសកាតា សមស្របតាមការសន្យាកាលពីមុន ហើយការទាមទារទាំងនោះមានប្រភពមកពីកិច្ចព្រមព្រៀង Riyadh ស្របតាមយន្តការ និងឧបសម្ព័ន្ថនៃកិច្ចព្រមព្រៀង ព្រមទាំងស្របតាមគោលការណ៍នៃកិច្ចព្រមព្រៀងយ៉ាងពិតប្រាកដ។

* កាតាប្រកាសថា ការទាមទារ បានបំពានច្បាប់អន្តរជាតិ៖
រដ្ឋមន្ត្រីការបរទេស កាតា បានចោទប្រកាន់ថា ក្នុងចំណោមការទាមទារទាំង១៣ចំណុច មានចំណុចខ្លះដែលបំពានច្បាប់អន្តរជាតិ។ ជាក់ស្តែងលោក Sheikh Mohammed bin Abdulrahman Al Thani បានប្រាប់ភ្នាក់ងារសារព័ត៌មាន CNN កាលពីសប្តាហ៍មុនថា «ប្រសិនបើអ្នកពិនិត្យមើលការទាមទារទាំងនោះ ពួកគេកំពុងទាមទារបំបិទសិទ្ធក្នុងការបញ្ចេញមតិដោយសេរី បិទប្រព័ន្ធផ្សព្វផ្សាយ ធ្វើនិរទេសមនុស្ស ដែលការទាមទារទាំងនោះភាគច្រើន ប្រឆាំងនឹងច្បាប់អន្តរជាតិ»។

* ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក៖
មន្ត្រីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានបង្ហាញក្តីសង្ឃមឹថា ពួកគេអាចជួយស្វែងរកដំណោះស្រាយសម្រាប់វិបត្តិកាទូតនេះ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានធ្វើដំណើរទៅប្រទេស កាតា និងអារ៉ាប៊ីសាអូឌីត។ លោកធ្វើកិច្ចជំនួបជាមួយមន្ត្រីរបស់ប្រទេស តួកគី ដែលជាសម្ព័ន្ធមិត្តរបស់កាតា និងមន្ត្រីរបស់ប្រទេស គុយវ៉ែត ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលវិបត្តិនេះ។

មិនតែប៉ុណ្ណោះលោកក៏បានធ្វើកិច្ចជំនួបជាមួយនាយករដ្ឋមន្ត្រីប្រទេស គុយវ៉ែត និងរដ្ឋមន្ត្រីការបរទេសលោក Sheikh Sabah Khanled Al-Hamad Al-Sabah ព្រមទាំងទីប្រឹក្សាសន្តិសុខជាតិអង់គ្លេស លោក Mark Sedwill ក្នុងប្រទេស គុយវ៉ែតនេះផងដែរ។ បណ្តាទាំងបីបានធ្វើសេចក្តីថ្លែងការណ៍រួម ដោយបានបង្ហាញក្តីបារម្ភ ព្រមទាំងអំពាវនាវម្តងហើយម្តងទៀត ក្នុងការបញ្ចប់វិបត្តិនេះតាមរយៈកិច្ចចរចា នេះបើយោងតាមសារព័ត៌មានរដ្ឋក្នុងប្រទេស គុយវ៉ែត។

សូមជម្រាបថា ផងដែរថា នៅពេលបណ្តាប្រទេសតាមឆ្នេរសមុទ្រកាត់ផ្តាច់ទំនាក់ទំនងជាមួយកាតានោះ ប្រធានាធិបតីអាមេរិល លោក Donald Trump ហាក់បង្ហាញការគាំទ្រចំពោះបណ្តាប្រទេសទាំងនោះក្នុងការកាត់ផ្តាច់ទំនាក់ទំនងនេះ ដោយបានលើកឡើងថា រដ្ឋាភិបាលក្រុង Doha ត្រូវតែបញ្ឈប់សកម្មភាពឧបត្ថម្ភដល់ក្រុមភេរវករ។ ការលើកឡើងរបស់ប្រធានាធិបតីរូបនេះ បានធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេស អារ៉ាប៊ីសាអូឌីត ក្នុងដំណើរទស្សនកិច្ចដំបូងបំផុតទៅក្រៅប្រទេសក្នុងនាមជាប្រធានាធិបតី៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា