(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្រ្ត​អាមេរិក បានសម្រេចអនុម័ត​គាំទ្រលើសេចក្តីព្រាង​ការពារជាតិមួយ ដែលស្នើឲ្យបង្កើន​​ការ​ចំណាយ​​ ទៅ​លើកម្មវីធី​ប្រព័ន្ធការពារ​មីស៊ីល ខណៈការគំរាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង កាន់តែរីកធំឡើងៗពីមួយថ្ងៃទៅ​មួយថ្ងៃ។ នេះ​បើ​តាម​​​ការ​ចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹក​ថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧។

ច្បាប់ស្តីពីការអនុញ្ញាត​លើវិស័យការពារជាតិ​សម្រាប់ឆ្នាំ២០១៨ ត្រូវបានបោះឆ្នោត​គាំទ្រ​ដោយ​សភាអាមេរិក ក្នុងសំឡេង ៣៤៤-៨១ ដើម្បីបោះកញ្ចប់​ថវិកាចំនួន ៦៩៦ពាន់លានដុល្លារ​សម្រាប់វិស័យ​ការពារជាតិ​អាមេរិក ក្នុងឆ្នាំ២០១៨ ដោយមាន​រួមបញ្ចូលទាំងថវិកា​ប្រមាណ ១២.៥ពាន់លានដុល្លារ​សម្រាប់កម្មវិធី​អភិវឌ្ឍន៍​ប្រព័ន្ធខែល​ការពារមីស៊ីល​ផងដែរ។

គណៈកម្មាធិការ​សេវា​សព្វាវុធ នៃសភាតំណាងរាស្រ្ត​អាមេរិកបានលើកឡើង ​នៅក្នុងសេចក្តី​សង្ខេប​នៃសេចក្តីព្រាង​នេះថា «គណៈ​កម្មាធិការ​មួយនេះ នៅតែបន្ត​ធ្វើការអ្នកគាំទ្រ​យ៉ាងពេញទំហឹង​មួយដដែល ចំពោះការ​សម្រេច​ឲ្យបាននូវកម្មវិធី​ប្រព័ន្ធ​ការពារមីស៊ីល​ ដែលមាន​សមត្ថភាពខ្ពស់ ដោយសារ​ការគំរាមកំហែងដែលកំពុងតែរីកធំ​ឡើងៗ​កាន់តែខ្លាំង ប្រឆាំងនឹង​ទឹកដី​របស់យើង ក៏ដូចជា​បណ្តា​សម្ព័ន្ធមិត្តក្នុងតំបន់ ដែលបង្ក​ឡើង​ដោយ​កូរ៉េខាងជើង អ៊ីរ៉ង់ និងប្រទេស​ដទៃៗ​ទៀត»។

គណៈកម្មធិការ​ខាងលើ​បានបន្តថា «សេចក្តី​ព្រាងនេះ​បានបន្ថែមថវិកា​ចំនួន ២.៥ពាន់លានដុល្លារ លើសពី​ការទាមទារ​ឲ្យលោកប្រធា​នាធិបតី​ទៅទៀត ដើម្បីបំពេញ​តម្រូវការ​នៃប្រព័ន្ធការពារ​មីស៊ីលដ៏សំខាន់។ ម៉្យាងវិញទៀត​វាក៏ជាការទទួលស្គាល់​អំពី​ការភាពរីកចម្រើនក្នុង​ផ្នែកគុណភាព​ ក៏ដូចជាបរិមាណ​នៃមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង ដែលប្រទេស​ជាតិយើង​កំពុងប្រឈម​ផងដែរ»។

គួរបញ្ជាក់ថា ការអនុម័តគាំត្រសេចក្តីព្រាងការពារជាតិនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើង បានធ្វើការបាញ់សាកល្បងមីស៊ីល​ផ្លោងឆ្លងទ្វីបចំនួនមួយគ្រាប់ដោយជោគជ័យកាលពីសប្តាហ៍មុន ដែលអ្នកជំនាញជាច្រើន បានអះអាងថា វាមានសមត្ថភាពបាញ់មក​ដល់រដ្ឋអាឡាស្កា និងផ្នែកដទៃមួយចំនួនទៀតរបស់សហរដ្ឋអាមេរិក ប្រសិនបើត្រូវបានអភិវឌ្ឍន៍បន្ថែមទៀតនោះ។

ដោយឡែក ដើម្បីអាចចូលជា​ធរមាន​ពេញលេញបាន សេចក្តីព្រាងនេះត្រូវតែរួម​បញ្ចូលគ្នា​ជាមួយ និងសេចក្តីព្រាង​មួយទៀត​ស្តីពី​វិស័យ​ការពារជាតិ​ដូចគ្នារបស់​ព្រឹទ្ធសភា នាចុង​ឆ្នាំ២០១៧នេះ ហើយបន្ទាប់​ពីវាត្រូវបាន​បញ្ជូន​ទៅដល់សេតវិមាន ប្រធានាធិបតី​លោក​ ដូណាល់ ត្រាំ ក៏អាចមាន​សិទ្ធិវេតូ​វាផងដែរ៕