(មូស្គូ)៖ អ្នកតំណាងយោធាយេមែនម្នាក់ លោកឧត្តមសេនីយ៍ Aziz Rashid ​បានកត់សម្គាល់ថា សង្រ្គាមរវាងអារ៉ាប៊ីសាអូឌីត និងយេមែន អាចនឹងផ្ដល់ផលចំណេញដ៏ធំដល់សហរដ្ឋអាមេ រិក នោះគឺនឹងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន ចំណេញលុយរាប់ពាន់លានដុល្លារតាមរយៈការលក់អាវុធឱ្យភាគីជម្លោះនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាពេលថ្មីនេះ។

ការថ្លែងបែបនេះរបស់លោក Aziz Rashid ​កើតមានឡើងបន្ទាប់ពី បណ្ដាសារព័ត៌មានលោកខាងលិច នាំគ្នាចុះផ្សាយថាយេមែនមានអាវុធទំនើប ដែលអាចទាញឱ្យបណ្ដាប្រទេសនៅក្នុង តំបន់ ប្រឈមមុខដាក់គ្នាដោយកម្លាំងយោធា ដូច្នេះចង់ឬមិនចង់ពួកគេនឹងត្រូវបង្ខំចិត្តងាកមកទិញអាវុធកាន់តែច្រើនពីសហរដ្ឋអាមេរិក។​ លោក Aziz នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik ​បានកត់សម្គាល់ដូច្នេះថា៖ «...វានឹងផ្ដល់ផលចំណេញដ៏ច្រើនសន្ធឹកសន្ធាប់ដល់សហរដ្ឋអាមេរិក នៅពេលដែលបណ្ដាប្រទេសអារ៉ាប់បំផ្លាញគ្នាទៅវិញទៅមក... ហើយនៅចុងបញ្ចប់ សហរដ្ឋអាមេរិក នឹងបង្កើតការគ្រប់គ្រង ក៏ដូចជាពង្រីកឥទ្ធិពលនៅក្នុងតំបន់ទាំងមូល រីឯអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម នឹងជួយឱ្យសហរដ្ឋអាមេរិកសម្រេចបំណងនេះ»

យ៉ាងណាក៏ដោយ នៅពេលនិយាយដល់សមត្ថភាពមីស៊ីល និងអាវុធយេមែន លោក Aziz Rashid បានអះអាងថា យោធាយេមែនមានសមត្ថភាពកំណត់កូអរដោនេ ក្នុងការវាយប្រហារទៅ លើរាល់ទីក្រុងទំាងអស់ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត រួមទំាងទីក្រុងរីយ៉ាតផងដែរ។ មិនប៉ុណ្ណោះ មីស៊ីលរបស់យេមែន​ ថែមទំាងអាចគេចពីប្រព័ន្ធស្ទាក់ចាប់មីស៊ីលអាមេរិក US Patriot ទៀតផង។ «បច្ចុប្បន្នមីស៊ីលយេមែន បាននិងកំពុងស្ថិតនៅក្នុងការធ្វើទំនើបកម្ម ហើយសម្រាប់យេមែនវាគឺជាវិធានការការពារខ្លួនឯង ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិក​វាគឺជាការឈ្លានពាន»។ នេះបើតាមលោក Aziz Rashid៕