(ប៉ារីស)៖ បន្ទាប់ពីការជួប​ពិភាក្សាគ្នា​រវាងលោក អែមម៉ានុយអ៊ែល ម៉ាក្រុង និងលោក ដូណាល់ ត្រាំ លោកប្រធានាធិបតីបារាំង​បាន​អះ​អាងថា លោកប្រធានាធិបតី​អាមេរិក​ប្រហែលជាអាច​នឹងផ្លាស់ប្តូរ​ចិត្តវិញ ចំពោះការដក​សហរដ្ឋអាមេរិក ចេញពីកិច្ច​​ព្រម​ព្រៀង​​អាកាស​ធាតុអន្តរជាតិ​ទីក្រុងប៉ារីស។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។

យោងតាម​សារព័ត៌មាន​បារាំង Le Journal du Dimanche មេដឹកនាំ​ប្រទេសបារាំង លោក ម៉ាក្រុង ក្រោយពី​បានជួបពិភាក្សា​គ្នាជាមួយ​​សមភាគី​អាមេរិក លោក ដូណាល់ ត្រាំ បានលើក​ឡើងថា លោក​ប្រធានាធិបតី​អាមេរិក​រូបនេះ ទំនងជា​អាចកែប្រែ​ចិត្តចេញ​ពី​សេចក្តី​​ប្រកាសរបស់​លោក​កាលពីជាងមួយខែមុន ដែលថារូបលោកនឹង​ដកប្រទេស​របស់លោក ចេញពីកិច្ចព្រមព្រៀង​ជាប្រវត្តិសាស្រ្ត ដែល​ត្រូវសម្រេច​បានកាលពី​ឆ្នាំ២០១៥នេះ។

លោកប្រធានាធិបតី​បារាំងបានគូស​បញ្ជាក់ថា «លោក ដូណាល់ ត្រាំ បានប្រាប់ខ្ញុំថា លោកនឹង​ព្យាយាមស្វែង​រកដំណោះមួយ ជុំវិញ​បញ្ហានេះ​នៅក្នុងអំឡុងពេល​ប៉ុន្មានខែ​ខាងមុខ។ យើងក៏បាន​ពិភាក្សាគ្នា​ដោយ​លម្អិត ពាក់ព័ន្ធនឹង​រឿងជាច្រើន ដែលអាចធ្វើ​ឲ្យលោក ត្រាំ វិលត្រឡប់​មកកាន់កិច្ច​ព្រមព្រៀង​អាកាសធាតុ ​ទីក្រុងប៉ារីស​នេះវិញ​ផងដែរ»

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង​ខាងលើ​ត្រូវបានសម្រេច​បានកាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ដោយប្រទេស​ចំនួន ១៩៦ ជុំវិញពិភពលោក។ គោលដៅ​របស់វា គឺព្យាយាមធ្វើ​យ៉ាងកំណត់​ឲ្យការកើន​ឡើងកម្តៅ នៅក្នុងពិភពលោក​ខ្ពស់បំផុត​ត្រឹម ០២អង្សាសេ​នៅឆ្នាំ២១០០ តាម​រយៈការរួមគ្នា​ប្តេជ្ញាយ៉ាងមុតមាំ ដើម្បីកាត់បន្ថយ​ការ​ប្រើប្រាស់​កាបូនឌីអុកស៊ីត និងឧស្ម័ន​ដទៃទៀតៗ ដែលកើតឡើងពី​ការបញ្ឆេះ​ប្រេង​​ឥន្ធនៈផូស៊ីល៕