(តូក្យូ)៖ ការស្ទង់មតិមួយ​ធ្វើឡើងដោយ​ ទីភ្នាក់ងារព័ត៌មាន​ជប៉ុន Kyodo បានបង្ហាញ​ឲ្យឃើញថា ការគាំទ្រ​ពីសាធារណៈជន ចំពោះរដ្ឋាភិ​បាល​លោក ស៊ីនហ្សូ អាបេ បានធ្លាក់​ចុះទាបមិន​ធ្លាប់ជួបប្រទះ​នោះឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។

យោងតាម​ការស្ទាបស្ទង់មតិ​ខាងលើ ដែលចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យម្សិលមិញ​នេះ ការគាំទ្រ​សាធារណៈ​ចំពោះរដ្ឋាភិបាលជប៉ុន ដែលមាននាយករដ្ឋមន្រ្តី លោក ស៊ីនហ្ស អាបេ បានធ្លាក់នៅ​ត្រឹម ៣៥.៨ភាគរយ បន្ទាប់ពី​បានដាំក្បាល​ចុះ​ជាបន្តបន្ទាប់​ ក្នុងអំឡុងពេល​​មួយខែកន្លង​ទៅនេះ។ តាមប្រភព​ដដែលបាន​ឲ្យដឹងថា ក្នុងរយៈពេល​ត្រឹមតែមួយ​ខែប៉ុណ្ណោះ កម្រិត​ប្រជាប្រិយភាព​​នៃរដ្ឋាភិបាល​ជប៉ុន​ បានថយចុះ ៩.១ភាគរយ ដែលវា​គឺជាកម្រិត​ធ្លាក់ចុះ​ដ៏ខ្លាំងបំផុតមួយ នៃការគាំទ្រ​ពីសាធារណៈជន ចំពោះ​រដ្ឋាភិបាល លោក អាបេ ចាប់​តាំងពី​បានឡើង​កាន់អំណាច​កាលពី​ឆ្នាំ២០១២មក។

គួរបញ្ជាក់ថា មូលហេតុ​មួយនៅការ​ធ្លាក់ចុះការគាំទ្រនេះ គឺរឿងអាស្រូវដ៏ចម្រូង​ចម្រាស ជុំវិញមិត្តភក្តិ​របស់ លោក អាបេ ដែលបក្ស​ប្រ​ឆាំង​បានអះអាង​ថា បានទទួល​ការជួយជ្រោមជ្រែង​ពិសេសពីលោក​នាយករដ្ឋមន្រ្តី ក្នុងការបើកដំណើរ​ការនាយកដ្ឋានមួយ នៅឯសាកល​​​វិទ្យាល័យ Okayama ខណៈរដ្ឋាភិបាល​ជប៉ុន​បានចេញមុខបដិសេធ​ ចំពោះការចោទប្រកាន់​នេះ៕