(តេហេរ៉ង់)៖​ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​ លោក Mohammad Javad Zarif បានចោទប្រកាន់​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក នៅក្នុងតំបន់​មជ្ឈិមបូព៌ាថា បានគាំទ្រពួកភេរវករ​ហើយដែល ការលើក​ឡើង​បែបនេះ ធ្វើនៅក្នុង​បទសម្ភាសន៍​ជាមួយ​ស្ថានីយ៍​ទូរទស្សន៍ CNN ជុំវិញគោល​នយោបាយ ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ ប្រឆាំងនឹង​គោលនយោបាយ​អ៊ីរ៉ង់ នៅក្នុងតំបន់។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today​ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។

ថ្លែងក្នុង​បទសម្ភាសន៍​ផ្ដាច់មុខ​ជាមួយ CNN លោក Zarif បានកត់​សម្គាល់ថា គោល​ជំហរប្រឆាំង​អ៊ីរ៉ង់​របស់លោក ត្រាំ រួមទាំងការ​ចោទប្រកាន់​ថា​ ទីក្រុង​តេហេរ៉ង់​គាំទ្រពួកភេរវករ​គឺជា​នយោបាយមិន​ត្រឹមត្រូវ និងមាន​ចេតនា​អាក្រក់ ពោលគឺក្នុង​ន័យនេះ​លោកចង់​មានន័យ​ថា ទីក្រុង​វ៉ាស៊ីនតោន គួរតែមើល​អ្នកនៅជុំវិញខ្លួន​ឯងជាមុនសិន មុននឹងដើរ​ចោទគេឯងថា ជាអ្នក​គាំទ្រពួកភេរវករនោះ។

លោក Zarif បានគូស​បញ្ជាក់ដូច្នេះថា «​យើងដឹងថាពួក​ភេរវករ​មកពី​ទីណា។ យើងដឹង​ថា អ្នកដែលវាយប្រហារ​ភេរវកម្ម​លើអគារ World Trade Center​ (កាលពី​ឆ្នាំ២០០១) នោះគឺជាពលរដ្ឋ​មកពីបណ្ដា​ប្រទេសមួយចំនួន​នៅក្នុងតំបន់ ...ហើយខ្ញុំអាច​ប្រាប់អ្នក​ថា គ្មានមនុស្ស​ណាម្នាក់​មកពីអ៊ីរ៉ង់​ ចូលរួមក្នុង​អំពើភេរវកម្ម​នេះទេ។ មើលពួក ISIS, Al Nusra Al Qaeda ពួកអង្គការ​ភេរវករ​ទំាងនេះ គ្មានទំនាក់ទំនង​អ្វីជាមួយអ៊ីរ៉ង់​ទាល់តែសោះ ប៉ុន្តែពួកគេ​បានទទួល​មនោគមន៍វិជ្ជា និងជំនួយ​ជាហរិញ្ញវត្ថុ ឬក៏អាវុធពី​បណ្ដាប្រទេស​មួយចំនួនដែល ហៅខ្លួនឯង​ថា ជាសម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា បើទោះជាមិន​បានលើកចំឈ្មោះ ប៉ុន្តែសម្ព័ន្ធមិត្ត​អាមេរិក ដែលលោក Mohammad Javad Zarif ចង់និយាយ​នោះគឺសំដៅ​ទៅលើប្រទេស​អារ៉ាប៊ីសាអូឌីត ត្បិតបើ​តាមទីភ្នាក់ងារចារកិច្ច​អាមេរិក ក្នុងចំណោម​ភេរវករទំាង ១៩នាក់ ដែលបានប្លន់យន្ដហោះ និងបើកបំបុក​អគារពាណិជ្ជកម្ម​ពិភពលោក World Trade Center កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ មាន​១៥នាក់ជាពលរដ្ឋ​អារ៉ាប៊ីសាអូឌីត, ០២នាក់​មកពីអេមីរ៉ាត់អារ៉ាប់រួម និងអ្នកនៅសល់​គឺជាពលរដ្ឋ​មកពីអេហ្ស៊ីប និងលីបង់។ ទោះបីជាយ៉ាងណា បណ្ដាប្រទេស​ទំាងនេះ បានដិសេធយ៉ាង​ដាច់អហង្ការ រាល់ការ​ចោទប្រកាន់ថា​ ខ្លួនមានជាប់ពាក់ព័ន្ធ​នឹងអំពើ​ភេរវកម្ម៕