(បរទេស)៖ ស្របពេល​ដែលបានធ្វើ​ទៅទស្សនកិច្ច​ នៅទីតាំង​ធ្វើសមយុទ្ធយោធារបស់​អង្គការ NATO និងប្រទេសជា​ដៃគូមួយ​ចំនួនទៀត​​នៅក្នុង​ប្រទេស ប្រធានាធិបតីរ៉ូម៉ានី លោក Klaus Iohannis បានថ្លែងថា កងកម្លាំង NATO មានសមត្ថភាព​អាចធ្វើឲ្យរុស្ស៊ីមាន​ការ​ញញើត​កោតក្រែង​បាន ហើយពួកគេ​បានធ្វើយ៉ាង​ដូច្នោះ​រួចទៅហើយ តាមរយៈការ​ធ្វើសមយុទ្ធយោធា​ទាំងនេះ នៅអឺរ៉ុប​ខាង​កើត។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មានរុស្ស៊ី Russia Today (RT) នៅរសៀលថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។

ថ្លែងទៅកាន់​ក្រុមអ្នកសារព័ត៌មាន លោក Iohannis បាននិយាយថា ការធ្វើសមយុទ្ធ​យោធាទាំងនេះ គឺជាភស្តុតាង​ជាក់ស្តែង​នៃធាតុពិត​​ដែលថា កងទ័ពរបស់យើងមិនត្រឹមតែ​អាចនិយាយទាក់ទង​គ្នា​ប៉ុណ្ណោះទេ តែពួកគេ​ថែមទាំងអាច​ប្រកៀកស្មាគីគ្នា​ប្រយុទ្ធនៅ​សមរភូមិ ប្រកប​ដោយ​ប្រសិទ្ធភាព​ទៀតផង នៅក្នុងករណី​ដែលចាំបាច់។ ជាងនេះទៅទៀត នៅពេលត្រូវ​បានចោទជា​សំណួរថា តើកងកម្លាំង​​របស់អង្គការ NATO នឹងអាច​ទប់ទល់ ក៏ដូចជាធ្វើ​ឲ្យរុស្ស៊ីមានការ​ញញើតក្រោតក្រែង​បានដែរ ឬក៏អត់នោះ លោក​ប្រធានាធិបតីរ៉ូម៉ានី បានឆ្លើយតប​ទៅវិញថា «ប្រាកដណាស់​ពួកគេអាច​ធ្វើបាន... ខ្ញុំយល់ថា ពួកគេពិតជា​មានសមត្ថភាព​យ៉ាង​ដូច្នោះ»

គួរបញ្ជាក់ថា ខណៈពេលនេះ​កងទ័ពប្រហែល ៥,០០០នាក់​មកពី NATO និងប្រទេសជា​ដៃគូដទៃទៀត រួមមានអ៊ុយក្រែន និងអាមេនី កំពុងតែ​ចូលរួមធ្វើ​សមយុទ្ធ​នៅក្នុងប្រទេស​រ៉ូម៉ានី ហើយវា​ក៏មានការហាត់​សម​ប្រើប្រាស់​រថក្រោះ យន្តហោះ​ចម្បាំង និងឧទ្ធម្ភាគចក្រ​​ជាង ៦៥០គ្រឿងផងដែរ។ សមយុទ្ធយោធា​នៅរ៉ូម៉ានីនេះ គឺជាផ្នែកមួយ​នៃសមយុទ្ធយោធា​ទ្រង់ទ្រាយដ៏ធំ​មួយមាន​ឈ្មោះថា «Saber Guardian» ដែលដឹកនាំ​ដោយកងទ័ព​អាមេរិក​នៅអឺរ៉ុប និងគ្រោង​បញ្ចប់ទៅ​នាថ្ងៃទី២០ ខែកក្កដា ហើយវា​ក៏កំពុងតែ​ប្រព្រឹត្ត​ទៅ​នៅក្នុង​ប្រទេស​ហុងគ្រី និងប៊ុលហ្គារី​ដូចគ្នា ជាមួយការ​ចូលរួមពី​ពលទាហាន​សរុបចំនួន ២៥,០០០នាក់ មកពី​សមាជិក NATA ជាង ២០​ប្រទេស និងដៃគូមួយ​ចំនួន​ទៀត៕