(អន្តរជាតិ)៖ ភាពយឺតយ៉ាងក្នុងការបិទព្រំដែនរបស់ខ្លួន និងការបរាជ័យ​ក្នុងការទប់ស្កាត់​ការជួញដូរប្រេង របស់រដ្ឋឥស្លាម ធ្វើអោយរដ្ឋឥស្លាមចេញ​ចូលទល់ដែន​ងាយបំផុត និងបង្កើតបាន​នូវបណ្តាញ​ទំនាក់ទំនងពាស​ពេញ​ប្រទេស។

* បណ្តាញរដ្ឋឥស្លាមនៅតួកគី

ការវាយប្រហារ​របស់ IS កើនឡើងនៅតួកគី ហើយតួកគី​បានពង្រីកកម្លាំង​ស៊ើបអង្កេត​របស់ខ្លួន កាន់តែខ្លាំងតាម​ចាប់ជនសង្ស័យ​ពាក់ព័ន្ធនឹង IS។ ក្រសួងមហាផ្ទៃ​បានប្រកាសកាលពីឆ្នាំ​២០១៦ថា តួកគីបាន​ទប់ស្កាត់ការវាយប្រហារ​ខ្នាតធំរបស់ IS ដល់ទៅ ២២ដង ចាប់បានជនសង្ស័យ​មានទំនាក់ទំនង​នឹងរដ្ឋ​ឥស្លាម ១,៣៣៨នាក់ ក្នុងនោះ ៦៩៤នាក់ជាជន​បរទេស។

ក្នុងខែកុម្ភៈកន្លងទៅនេះ តួកគីចេញបេសកកម្មគ្របដណ្តប់ខេត្ត ២៩ ក្នុងពេល ០២ថ្ងៃចាប់បានជនសង្ស័យ IS ៨២០នាក់។ ការខិតខំ​ប្រឹងប្រែងរបស់ប្រទេស​តួកគី គួរអោយសរសើរ ប៉ុន្តែវាហួសពេល​ទៅហើយ។ ក្នុងពេលដែល​រដ្ឋតួកគី​មិនរវល់ពី​សកម្មភាព​របស់រដ្ឋឥស្លាម​ក្នុងប្រទេស ពួកគេបាន​បង្កើតនូវបណ្តាញ​ការងារ​ក្នុងតួកគី រួចទៅ​ហើយ។ កុំថាតែ​ក្នុងទីក្រុងធំៗសូមបីទីជនបទ ក៏មានសកម្មភាព​របស់ IS ដែរ។
ការកែនមនុស្ស​អោយចូលរួម IS នៅតែមាន ហើយចំនួននាក់ចូលគាំទ្រ IS មានច្រើន​គួរអោយបារម្ភ។ ក្នុងការស្ទង់មតិ​ឆ្នាំ២០១៤មួយ ធ្វើដោយវិទ្យាស្ថាន​ស្រាវជ្រាវ របស់តួកគី​បានអោយដឹងថា មនុស្សស្ទើរ​តែ​២%នៅតួកគី ស្គាល់នរណាម្នាក់​ដែលជា IS ។ ប្រជាជនសរុបក្នុងប្រទេស​នេះគឺ ៨០លាននាក់ មានន័យថា មនុស្ស ១,៦លាននាក់ស្គាល់​នរណាម្នាក់​ជាពួក IS ។ ប្រសិនបើ​មនុស្សតែ១% មានសមានចិត្តនឹង IS មាន​ន័យថា ១៦,០០០ នាក់ចូលរួមជាមួយពួក IS។

បើនិយាយពីភូមិសាស្រ្តវិញពួក IS មានសឹងគ្រប់ទិសទី ដែលបង្កដល់ភាពងាយស្រួលក្នុង បំលាស់ទីជាទីបំផុត។ ក្នងុចំណោមខេត្តទាំង៤របស់តួកគីដែលជាប់ព្រំដែននឹងស៊ីរី មាន៣ខេត្តបាត់ទៅហើយ ដែលជាប់នឹងដែនដីដែល IS គ្រប់គ្រង ខេត្តតែមួយដែល IS មិនទាន់គ្រប់គ្រងត្រូវបានកាន់កាប់ដោយ​ពួកជីហាដ។ ក្នុងរបាយការណ៍​ប៉ូលិសសំងាត់​មួយ ដែលទម្លាយក្នុងឆ្នាំ២០១៥ បានបង្ហាញថា ក្រុម IS នេះមានបណ្តាញ​ក្នុងខេត្ត ៧០ ក្នុងចំណោម​ខេត្ត ៨១ របស់ប្រទេស​តួកគី។

ការសួរចម្លើយ IS ដែលចាប់ខ្លួនបាន បានអោយដឹងថា បណ្តាញ IS មានទូទាំងប្រទេសក្នុងនោះ បណ្តាញមួយឈ្មោះ អាដីយ៉ាមេន (Adiyaman) បង្កើតឡើងក្នុងឆ្នាំ ២០១៣ មានភាពសកម្ម ជាងគេ ដោយបានធ្វើការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើនដង។ ជនល្មើសបួនរូបដែល ជាជនសង្ស័យពាក់ព័ន្ធនឹងការធ្វើអត្តឃាតបំផ្ទុះគ្រាប់បែក សុទ្ធសឹងជាសមាជិករបស់ Adiyaman ដែលដឹកនាំដោយ​បុរសម្នាក់ឈ្មោះ ម៉ាស្តាហ្វា ដូគូម៉ាស៊ី (Mustafa Dokumaci)។

ក្រៅពីបណ្តាញ Adiyaman មាន​បណ្តាញ IS មួយទៀតដែល​ធំគួរអោយកត់​សម្គាល់ដែរ គឺ បីងហ្គោល (Bingol) ស្ថិតនៅកន្លែង​ដែលមានជនជាតិឃើដនៅច្រើន​ ជាកន្លែង​ប្រវតិ្តសាស្រ្ត​របស់អ៊ីស្លាម។ កន្លែងមួយចំនួន​ទៀតដែល​ជាតំបន់ក្រហម​មានបណ្តាញ IS ធំៗ មាននៅ ទីក្រុងអ៊ីស្តង់ប៊ុល អ៊ីសមៀរ កុងយ៉ា និង កាស្សាន​ទិប។ បណ្តាញទាំងនេះបង្កើតឡើងបាន ដោយសារបរាជ័យរបស់​រដ្ឋាភិបាល។ បណ្តាញទាំងនេះ ជាប្រភពកែន​មនុស្សអោយចូលរួមជា​អ្នកវាយប្រហារ​របស់ IS។

គ្រួសារជាច្រើន​បានទៅប្តឹងសូមជំនួយពីប៉ូលិស ព្រោះគេដឹងថា សាច់ញាតិបងប្អូនប្រុស ឬ​កូនប្រុសរបស់ពួកគេ ត្រូវបានអូសទាញដោយ IS ដែលបន្លំបើក​ទៀមតែនៅ Adiyaman។ ពាក្យបន្តឹង​ដដែលៗ ត្រូវបានបញ្ជូនទៅ ប៉ូលីសក្នុងឆ្នាំ ២០១៤ តែដល់ចុងឆ្នាំទើបប៉ូលិស​សម្រេចបិទទៀមតែមួយនេះ។ ឯកសារសំងាត់ មួយដែលត្រួវ​បានទម្លាយដោយ Jane’s Intelligence Weekly ក្នុងឆ្នាំ២០១៥ បានអោយដឹងថា មានបណ្តុំ IS ៣,០០០​កន្លែងនៅក្នុងប្រទេសតួកគី ប៉ុន្តែចំនួន IS ដែលចាប់បាន​មានតិចបំផុត។

មានតែ ១២៧នាក់ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០១៤ និង ដើមឆ្នាំ២០១៥។ ចំនួនបានកើនឡើងគួរអោយកត់សំគាល់ ក្នុងខែកក្កដា ២០១៥ ក្រោយការវាយប្រហារនៅរដ្ឋស៊ូរីក ចាប់បាន ៤០០នាក់ និងចុងឆ្នាំ២០១៤ បាន ១,៣០០នាក់ទៀត។ តែចំនួននេះគ្រាន់តែជា​ការបំភ័ន្តភ្នែក​ប៉ុណ្ណោះ។ អ្នកដែលចាប់​បានត្រូវ​គេព្រលែង​វិញដដែល។ ខណៈពេល​ដែលតួកគីអួតថា ខ្លួនចាប់បាន​ជនសង្ស័យ IS ដល់ទៅ ១,៣៣៨នាក់ ក្នុងឆ្នាំ២០១៦ ចំនួនអ្នកឃុំខ្លួនមានតែ ០៧នាក់ប៉ុណ្ណោះ។

បញ្ហាចំបងគឺ​លក្ខខណ្ឌក្នុងការចាប់ខ្លួន​មានច្រើនលើស​កំរិត ទោះបីពួកគេជា​អ្នកត្រលប់ពី​ការវាយប្រហារ​អោយ IS នៅអ៊ីរ៉ាក់ និង​ស៊ីរីក៏ដោយ ទាល់តែមានភស្តុតាងថា បុគ្គលនោះ​មានទំនាក់ទំនង​ផ្ទាល់នឹង​ដំណើរការរបស់ IS ទើបប៉ូលីសចាប់ខ្លួន។ អតីត IS ម្នាក់ត្រូវបាន​កាសែត Birgun សំភាសន៍ថា ខ្លួនរស់នៅដោយ​មានសេរីភាព ក្នុងក្រុង​អង់ការ៉ា។ ម្នាក់ទៀត​ដែល​ជាឃាតករ ចាប់បានរូបភាព​លើកាមេរ៉ា​ត្រូវបានគេបន្ថយ​ទោស ដោយសារគាត់មាន​ឥរិយាបថ​ល្អ។ ចំណែកអ្នកដែលបានវាយប្រហារ​ប្រទេសតួកគីវិញ មិនត្រូវបាន​កាត់ទោស អោយសាកសម ឬ ទាន់ពេលឡើយ។

អ្នកវាយប្រហារនៅរដ្ឋ​អាណាតូលី ក្នុងឆ្នាំ២០១៤ ទើបហ្នឹងត្រូវបាន​កាត់ទោស​ឆ្នាំ ២០១៦។ ជនសង្ស័យខ្លះ​ត្រូវបានចាប់ខ្លួន និងព្រលែងទៅវិញជាច្រើនដង ដូចជារឿងក្តីរបស់ Ilyas Mamasharipov ដែលបញ្ជា​អោយមានការបាញ់​ប្រហារ នៅក្នុងក្លឹបមួយនៅទីក្រុង​អ៊ីស្តង់បូល។ ក្រោយការ​ចាប់ខ្លួន​សារភាពកំហុស និង​និរទេសដោយ​ប្រទេសតួកគី ក្រោយមកទៀត​ត្រូវប្រទេស​ដោះលែងខ្លួនដដែល។ ចំណែក​ករណីមួយទៀត Hasan Aydin ត្រូវបានគេចាប់​ដោយគាត់​បានដុត​ទាហានតួកគី០២នាក់​ទាំងរស់ ក្នុងឆ្នាំ២០១២ ហើយត្រូវបាន​តួកគីចាប់ម្តង​ទៀតក្នុងឆ្នាំ​២០១៥ ពេលដែល​គាត់ចង់ឆ្លងព្រំដែន​ទៅស៊ីរី។

អ្នកគាំទ្រ IS ម្នាក់គឺ Hails Bayancuk ត្រូវបានចាប់ខ្លួនម្តងក្នុងឆ្នាំ ២០០៨ ពីបទរៀប គម្រោងការ វាយប្រហារទីក្រុងអ៊ីស្តង់បូល ត្រូវបានគេចាប់ខ្លួន០២ដងទៀតដោយ មានពាក់ព័ន្ធនឹង IS។ គាត់ជា បុគ្គលម្នាក់ក្នុងចំណោម ៩៦ នាក់ដែលរដ្ឋាភិបាលត្រៀមនឹង​កាត់ក្តី ហើយ​ទាំង ៩៦នាក់នេះត្រូវបាន រដ្ឋដោះលែងដូចគ្នា។ រដ្ឋតួកគីមិន​បានដាក់ទោស IS អោយធ្ងន់ធ្ងរ​ឡើយ បើធៀបនឹង​ការដាក់ទោស លើជនជាតិ​ឃើដ និង​អ្នកប្រឆាំង​ដទៃទៀត នៅ​តួកគីដែលត្រូវបានចាប់ខ្លួនដោយគ្មានភស្តុតាង ឬ ហេតុផលច្បាស់លាស់។ សូមរង់ចាំអានភាគបន្ត នៅថ្ងៃស្អែក៕ ប្រែសម្រួល៖ វែបសាយបរទេស