(ម៉ូស្គូ)៖ កងទ័ពចិន​បានធ្វើសមយុទ្ធ​បាញ់គ្រាប់ពិត​នៅក្បែរតំបន់ទីបេ ដែលនៅជាប់​ព្រំប្រទល់​ជាមួយប្រទេស​ឥណ្ឌា កាល​ពី​អំឡុង​​ចុង​សប្តាហ៍​​​​កន្លង​​ទៅ​​នេះ ស្របពេល​ដែលកម្លាំងយោធា​នៃប្រទេស​ទាំងពីរ នៅតែមាន​ការប្រឈមមុខ​ដាក់គ្នា​ជាបន្តបន្ទាប់ ជុំវិញតំបន់​វិវាទ Sikkim។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃអង្គារ​ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។

ទីក្រុងប៉េកាំង និងទីក្រុងញូដេលី​បានចោទប្រកាន់​ដាក់គ្នា​ទៅវិញទៅមក អំពីការឈ្លានពាន​លើតំបន់ Sikkim ដែលជា​ចំណុចប្រសព្វ​នៃ​​ប្រទេស​ ប៊ូតាន ឥណ្ឌា និងតំបន់ទីបេ។ កងទ័ព​នៃប្រទេសទាំងពីរ​នេះ​បានប្រឈមមុខ​ដាក់គ្នា​ជាច្រើន​លើកច្រើនសា ចាប់តាំងពី​ថ្ងៃទី១៦ ខែមិថុនា​កន្លងទៅម៉្លេះ។ ប៊ូតានបាន​អះអាងថា ចិនបានឈ្លានពាន​ទៅលើទឹកដី​របស់ខ្លួន នៅពេល​ដែលទីក្រុង​ប៉េកាំង បានចាប់​ផ្តើមការ​សាង​​សង់​ផ្លូវថ្នល់​ថ្មីមួយខ្សែ ហើយឥណ្ឌា​ក៏បានគាំទ្រ​ការចោទប្រកាន់​នេះដែរ ខណៈចិន​បាន​ប្រកែកថា ការសាងសង់​នោះ ត្រូវបានធ្វើ​​ឡើង​​នៅ​លើ​ទឹក​ដី​របស់ខ្លួន​ទៅវិញទេ។

ដោយឡែក​សម្រាប់ការធ្វើ​សមយុទ្ធយោធា​បាញ់គ្រាប់ពិត កាលពីចុង​សប្តាហ៍​មុននេះ មានការ​ចូលរួមពីកងទ័ព​ចន្លោះប្រមាណពី ៤,០០០នាក់ ទៅ៧,០០០នាក់។ បច្ចុប្បន្នប្រទេសឥណ្ឌា ហាក់កំពុង​សម្តែងរិទ្ធិអំណាចយ៉ាងខ្លាំងចំពោះមុខចិន តាមរយៈការទិញសព្វាវុធថ្មីៗបន្ថែមទៀត មកបំពាក់ឲ្យ​កងទ័ព​របស់​ខ្លួន និងការស្និទ្ធស្នាល​កាន់តែខ្លាំងជាងមុនជាមួយអាមេរិក ជាពិសេសគឺ​សមយុទ្ធយោធា រវាងអាមេរិក ជប៉ុន និងឥណ្ឌា ដែលបានធ្វើឡើង​កាលពីសប្តាហ៍មុននេះ ក្នុងន័យកំញើញទីក្រុង​ប៉េកាំងតែម្តង៕