(​ប៉ារីស)៖ ប្រធានសេនាធិការ​យោធាបារំាង ​លោក​ឧត្តមសេនីយ៍ ព្យែរ ឌឺវីលលីយេ (Pierre de Villiers) បានសុំលាលែង​ពីមុខតំណែង​ហើយ​នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីមាន​ការខ្វែងគំនិត​គ្នា ជាមួយ​ប្រធានាធិបតី​បារំាង លោក អែមម៉ានុយអែល ម៉ាក្រុង ជុំវិញគំរោង​កាត់បន្ថយ​បញ្ចប់ថវិការយោធា ចំណែកឯ​លោក ម៉ាក្រុង ក៏បានទទួល​ពាក្យលាលែង​នេះដែរ។ នេះបើតាម​ការ​ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧។

នៅក្នុង​សេចក្ដី​ថ្លែងការណ៍​របស់ខ្លួន មេទ័ពបារាំង​វ័យ ៦០ឆ្នាំ លោក វីលលីយេ បាននិយាយថា លោកបាន​ព្យាយាម​រក្សាភាពខ្លាំង​នៃវិស័យការពារជាតិ​បារាំង ជាមួយ​សមត្ថភាព​ក្នុងការធ្វើការងារ ដែលកាន់តែ​លំបាកឡើងៗ​ ក្រោមការដាក់​កំហិត​កញ្ចប់​ថវិកា ប៉ុន្តែលោក​ថា មិនអាច​បំពេញការងារ​នេះតទៅទៀត​បានទេ។ «នៅក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ខ្ញុំមើលឃើញ​ខ្លួ​នឯងថា មិនមាន សមត្ថភាព​ធានា​ឱ្យបាននូវ​ភាពរឹងមាំ​ នៃវិស័យការពារជាតិ​បារាំងទៀត​នោះទេ... ហើយខ្ញុំជឿជាក់ថា វាពិតជាចាំបាច់ណាស់​ក្នុងការធានា​ឱ្យបាន​ ការការពារ​ប្រទេស​បារាំង និងប្រជាជន​បារាំង... ថ្ងៃនេះ និងថ្ងៃស្អែក ខ្ញុំនៅតែគាំទ្រ​មហិច្ឆតា​ប្រទេសរបស់​យើង»។ នេះបើតាម​សម្ដីលោក ព្យែរ ឌឺវីលលីយេ។

គួររំលឹកថា នៅអំឡុង​កិច្ចប្រជុំបិទទ្វារ​របស់សភាជាតិ​បារាំង កាលពី​ថ្ងៃទី១២ ខែកក្កដា លោក ព្យែរ ឌឺវីលលីយេ បានរិះគន់​យ៉ាងខ្លាំង​លើគំរោង​កាត់បន្ថយ​កញ្ចប់ថវិកាយោធា​ជាង ៩៧៩.៤៦លានដុល្លារ របស់​ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង ហើយដែល​ការកាត់បន្ថយនេះ​ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង​កាត់បន្ថយការ​ចំណាយ​របស់រដ្ឋ៕