​(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង​នៅថ្ងៃសុក្រនេះ បាន​ទទូចជាថ្មីម្ដងទៀត​ឱ្យ​កូរ៉េខាងជើង ទទួលយក​ការរៀបចំ​កិច្ចចរចា​យោធាអន្តរកូរ៉េ ដើម្បីបន្ធូរ​បន្ថយភាព​តានតឹង​នៅតាម​តំបន់ព្រំដែន ខណៈទីក្រុង​ព្យុងយ៉ាង នៅតែព្រងើយកន្ដើយ​នឹងសំណើនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧។

កាលពី​ថ្ងៃចន្ទ​ដើមសប្ដាហ៍ រដ្ឋាភិបាល​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានដាក់​សំណើ​ទៅកាន់របបដឹកនាំ លោក គីម ជុងអ៊ុន ទាក់ទិន​នឹងការរៀបចំ​កិច្ចចរចា​ដែលគ្រោងនឹង ធ្វើឡើង​នៅ​ថ្ងៃសុក្រនេះ នៅឯភូមិ Panmunjom។ ក៏ប៉ុន្តែ​កូរ៉េខាងជើង មិនបានឆ្លើយតបនឹង​សំណើនេះទេ ហើយមិនតែ​ប៉ុណ្ណោះ​កាសែត​រដ្ឋកុម្មុយនីស្ដ​មួយនេះ Rodong Sinmun ក៏បាន ទាត់ចោលផងដែរនូវគោលបំណង​របស់ទីក្រុង​សេអ៊ូល ដែលចង់ធ្វើឱ្យ​ទំនាក់ទំនង​រវាងប្រទេស​ទំាងពីរ​ប្រសើរឡើង ដោយ​បញ្ជាក់ថា វាគឺជារឿងឆ្កួត​បំផុតដែលកូរ៉េខាងត្បូង​សង្ឃឹមថា អាចនឹង​ធ្វើឱ្យប្រសើរ​ឡើង​ទំនាក់ទំនង​កូរ៉េទាំងពីរ ខណៈខ្លួន​កំពុងប្រកាន់​គោលនយោបាយ​ប្រឆាំងនឹង​កូរ៉េខាងជើង និងមិនព្រម​បោះបង់​ចោលភាព​ជាចំណុះ​សហរដ្ឋអាមេរិក។ ដូច្នេះកូរ៉េខាងត្បូង ត្រូវតែសម្រេចចិត្តឱ្យច្បាស់ថាតើគួរបន្ត ប្រកាន់គោលនយោបាយអរិភាព និងរណបសហរដ្ឋអាមេរិក ឬក៏យ៉ាងណា មុននឹងអង្គុយចរចាជាមួយទីក្រុងព្យុងយ៉ាង។

យ៉ាងណា​ក៏ដោយ នៅក្នុងសេចក្ដី​ថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិ​កូរ៉េខាងត្បូង នៅតែទទូច​ដដែលឱ្យទីក្រុង​ព្យុងយ៉ាង​ទទួលយក​សំណើនេះ។ «ក្រសួង​ការពារជាតិ​​ជាថ្មីម្ដងទៀត អំពាវនាវឱ្យកូរ៉េខាងជើងឆ្លើយតបជាវិជ្ជមាន ចំពោះសំណើ​របស់យើង​ឱ្យបានកាន់តែ​ឆាប់រហ័ស​តាមដែល​អាចធ្វើ​ទៅបាន»។ នេះបើតាម​សេចក្ដីថ្លែងការណ៍ នៃ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង»