(ហ្សាការតា)៖ សមរភូមិ​នៅក្នុង​ទីក្រុង Marawi ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន ទំនងជា​នឹងជះឥទ្ធិពល​អវិជ្ជមានខ្លាំង ចំពោះសកម្មភាព​ក្រុមជ្រុលនិយម​​​នៅតំបន់​អាស៊ីអាគ្នេយ៍ សូម្បីតែ​នៅក្រោយពេល​កងកម្លាំងយោធា​ហ្វីលីពីន ដណ្តើមកាន់​កាប់​ទីក្រុងនេះបាន​មកវិញក៏ដោយ។ នេះបើតាម​របាយ​ការណ៍ថ្មី​មួយ របស់វិទ្យាស្ថានវិភាគ​នយោបាយ​ និងជម្លោះ (IPAC) ដែលមានមូលដ្ឋាន​នៅឥណ្ឌូណេស៊ី ដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧។

ផលប៉ះពាល់​ទាំងនោះ រួមមានការកើនឡើង​ហានិភ័យ នៃការវាយប្រហារ​ដោយហិង្សា នៅតាមបណ្តា​ទីក្រុងផ្សេងៗ​ទៀត​របស់ហ្វីលីពីន និង​នៅ​ក្នុង​​ប្រទេស​ឥណ្ឌូណេស៊ី ក៏ដូចជា​ម៉ាឡេស៊ី, ការរួមសហការគ្នា​កាន់តែខ្លាំង​រវាងក្រុមឧទ្ទាម​ជ្រុលនិយម នៅតំបន់​អាស៊ីអាគ្នេយ៍, និង​ការ​ចាប់​កំ​ណើត​មេដឹកនាំថ្មី សម្រាប់ពួកភេរវករ​គាំទ្រ ISIS នៅ​ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដែលកើត​ចេញមកពី​ពួកឧទ្ទាម ដែលបានវិលត្រឡប់​មកពីទីក្រុង​ Marawi វិញ។

លោកស្រី Sidney Jones នាយក​វិទ្យាស្ថាន IPAC បានលើក​ឡើងថា «ហានិភ័យនឹង​មិនបញ្ចប់​នោះឡើយ នៅពេលដែល​យោធាហ្វីលីពីន​ប្រកាស​​ជ័យជម្នះ​នៅក្រុង Marawi។ ឥណ្ឌូណេស៊ី រួមទាំង​ម៉ាឡេស៊ី នឹងប្រឈម​មុខជាមួយការ​គំរាមកំហែងថ្មី នៅក្នុងទម្រង់​នៃការវិលត្រឡប់​របស់ក្រុមអ្នក​​ប្រយុទ្ធ​គាំទ្រ ISIS មកពីកោះ Mindanao ហើយ​ហ្វីលីពីនផ្ទាល់ ក៏នឹងនៅ​មានសេសសល់​ក្រុមឧទ្ទាម ដែលបែកខ្ញែកគ្នា​ក្នុងទ្រង់ទ្រាយតូចៗ ជា​ច្រើន​​ផង​ដែរ ក៏ប៉ុន្តែមាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បីធ្វើសកម្មភាព​បង្កហិង្សា និងដើរកែន​បក្ខពួកឲ្យចូលរួមជាមួយពួកគេ​ថែមទៀតបាន​»។

គួរបញ្ជាក់ថា បើតាម​របាយការណ៍​របស់ IPAC ប្រតិបត្តិការ​របស់ពួកឧទ្ទាម​​នៅទីក្រុង Marawi លើកោះ Mindanao គឺទទួលបាន​ការឧបត្ថម្ភដោយ​​ផ្ទាល់​ពីក្រុមភេរវករ ISIS ហើយរបាយការណ៍​ដដែលនេះ ក៏បានបង្ហាញអំពី​ខ្សែបណ្តាញ ដែលចេញមក​ប្រទេសស៊ីរី ឆ្លតកាត់​ហ្វីលីពីន ទៅដល់​​ឥណ្ឌូណេស៊ី និងហួសពីនេះ​ទៀតផងដែរ៕