​(ម៉ានីល)៖ នៅទីបំផុតសភាហ្វីលីពីន បានបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រភ្លូកទឹកភ្លូកដី ដើម្បីផ្ដល់សុពលភាពបន្តលើច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ រហូតដល់​​ ចុងឆ្នាំ២០១៧ នៅឯកោះមិនដាណាវ ស្ថិតភាគខាងត្បូងនៃប្រទេស ដែលកំពុងជួបភាពចលាចលដោយសារតែក្រុមសកម្មប្រយុទ្ធ មានសម្ព័ន្ធភាពជាមួយពួក ISIS។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧។

សភាហ្វីលីពីន នៅថ្ងៃសៅរ៍នេះ បានប្រើពេល០៧ម៉ោង បោះឆ្នោតអនុម័ត ដោយមានតំណាងរាស្ត្រ ២៦១នាក់ ឬច្រើនជាងពីរភាគបី លើកដៃយល់ព្រមបន្ត សុពលភាពច្បាប់អាជ្ញាសឹក តាមសំណើរបស់លោក ឌូតើតេ សំដៅផ្ដល់លទ្ធភាពឱ្យកងកម្លាំងយោធាហ្វីលីពីន បន្តប្រតិបត្តិការបោសសំអាតពួកសកម្ម ប្រយុទ្ធនៅក្នុងទីក្រុង Marawi ជាទីដែលមនុស្សសរុប៥៦៥នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងនោះមានក្រុមភេរវករ ៤២១នាក់, កងទ័ពរដ្ឋាភិបាល៩៩នាក់, និងជនស៊ីវិល៤៥នាក់ ដោយសារជម្លោះប្រដាប់អាវុធអស់រយៈពេលជិត០២ខែកន្លងមកនេះ។

គួរបញ្ជាក់ថា កោះមិនដាណាវ ស្ថិតនៅភាគខាងត្បូង ប្រទេសហ្វីលីពីនមានប្រជាជន ២២លាននាក់រស់នៅ ត្រូវបានដាក់នៅក្រោមច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅ បន្ទាប់ពីពួកសកម្មប្រយុទ្ធដូចជា Abou Sayyaf និង Maute បានដណ្ដើមគ្រប់គ្រងផ្នែកខ្លះនៃទីក្រុង Marawi៕