(សេអ៊ូល)៖ ប្រធានធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន (Moon Jae-in) នៅថ្ងៃចន្ទដើម​សប្តាហ៍ថ្មី​នេះ​បាន​ប្រកាស​ថា នឹងគ្មានសង្គ្រាមទៀតជាដាច់ខាត នៅតំបន់ឧបទ្វីបកូរ៉េ ហើយលោកក៏បានអំពាវនាវផងដែរថា ឲ្យកូរ៉េខាងជើងបន្ថយភាពគគ្លើនដោយពាក្យសម្តីរបសខ្លួន ខណៈដែលទីក្រុងព្យុងយ៉ាង និងវ៉ាស៊ីនតោន កំពុងតែផ្លោងសម្តីព្រមានដាក់គ្នាទៅវិញទៅមក ដែលអាចនឹងកើតមានជម្លោះយោធាកើតឡើងនោះ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នារសៀលថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងជំនួបជា​មួយទីប្រឹក្សាជាន់​ខ្ពស់​របស់ខ្លួន នៅឯវិមានប្រធានាធិបតី ជឹង វ៉ាដេ (Cheong Wa Dae) លោក មូន ជែអ៊ីន បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំជំរុញឱ្យ​កូរ៉េខាងជើង​បញ្ឈប់ជាបន្ទាន់រាល់ សកម្មភាពបង្ក​រឿង និងការគំរាមកំហែង​ទាំងឡាយ ក៏ដូចជា​បញ្ឈប់ការធ្វើ​ឱ្យស្ថានភាព​កាន់តែអាក្រក់... ផលប្រយោជន៍​នៃ​សាធារណរដ្ឋកូរ៉េ គឺជាអាទិភាព​របស់ខ្ញុំ​ត្រូវធ្វើមុនគេ ប៉ុន្តែខ្ញុំនៅតែ​មានជំនឿចិត្តថា សហរដ្ឋអាមេរិក​នឹងធ្វើសកម្មភាព​ស្ងៀមស្ងាត់ ប្រកបដោយទំនួលខុសត្រូវ​ ឈរលើគោលជំហរ​ដូចពួកយើង ដើម្បីទប់ស្កាត់​កុំឱ្យសង្រ្គាមកូរ៉េ​ផ្ទុះឡើងសាជាថ្មី។ ម្យ៉ាងវិញទៀត សន្តិភាពនៅ​លើឧបទ្វីបកូរ៉េ​មិនអាចរកបាន តាមរយៈ​ការប្រើប្រាស់​កម្លាំងយោធា​នោះទេ ហើយបើ​ទោះជា​សន្តិភាព និងកិច្ចចរចា​តម្រូវឱ្យយើង​ជួបការឈឺចាប់ និងការអត់ធ្មត់ ក៏យើង​ត្រូវតែធ្វើ ដូច្នោះដែរ»

គួរបញ្ជាក់ថា ការកត់សម្គាល់​របស់ លោក មូន ជែអ៊ីន ធ្វើឡើងនៅចំពេលដែលកូរ៉េខាងជើង បានព្រមាន​វាយប្រហារលើមូលដ្ឋានទ័ព​អាមេរិកនៅ​លើកោះហ្គាំ (Guam) ក្រោយ​ប្រធានាធិបតី លោក ដូណាល់ ត្រាំ គំរាមប្រើប្រាស់​កម្លាំងយោធា​ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង​ ម្ដងហើយម្ដងទៀត៕