(ព្យុងយ៉ាង)៖ បន្ទាប់ពីត្រូវបាន​មន្ត្រីក្រោមឱវាទ រាយការណ៍ជូនពី​ផែនការបាញ់មីស៊ីល​ផ្លោង​ ដើម្បីព្រមាន​កោះហ្គាំ (Guam) ដែលជាតំបន់រដ្ឋបាល​ពិសេសរបស់​សហរដ្ឋអាមេរិក​ ​នៅតំបន់ប៉ាស៊ីហ្វិក លោក គីម ជុងអ៊ុន បានឲ្យដឹងថា រូបលោក​កំពុងតែរង់ចាំ​មើល​សកម្មភាព​របស់ទីក្រុង​វ៉ាស៊ីនតោនសិន មុននឹង​សម្រេចចិត្ត​ជាចុងក្រោយ ចំពោះ​គម្រោងបាញ់នេះ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ ចេញពីសារព័ត៌មាន BBC នៅព្រឹក​ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។

យោងតាម​សេចក្តីរាយការណ៍​របស់ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA ប្រមុខដឹកនាំ​កំពូល​ទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បានធ្វើការ​​ត្រួតពិនិត្យ និង​ពិភាក្សា​​លើ​គម្រោង​នេះយ៉ាងហ្មត់ចត ​ជាមួយមន្រ្តីយោធា​ជាន់ខ្ពស់​របស់​លោក ក្នុង​អំឡុង​នៃ​ការចុះ​ធ្វើ​អធិការកិច្ច នៅឯទីបញ្ជាកា​កងកម្លាំង​យុទ្ធសាស្រ្ត​កូរ៉េខាងជើង បន្ទាប់ពី​យោធានៃរដ្ឋ​កុម្មុយនិស្ត​មួយនេះ បានប្រកាសកាលពី​សប្តាហ៍មុនថា ខ្លួន​នឹង​បង្ហើយ​​ផែន​ការ​​លម្អិតក្នុងការបាញ់គ្រាប់មីស៊ីល​ផ្លោងចំនួន ០៤គ្រាប់ ព្រមាន​កោះហ្គាំ នៅត្រឹមពាក់កណ្តាលខែសីហានេះ ហើយបញ្ជូនបន្តទៅឲ្យ​លោក គីម ជុងអ៊ុន ដើម្បីរង់ចាំការ​សម្រេចចិត្ត​ចុងក្រោយ។ យ៉ាងណាមិញ លោក គីម ជុងអ៊ុន ទំនងដូចជាបានឲ្យតំរុយថា នឹងពន្យាពេលនៃការអនុវត្តន៍​គម្រោងនេះ ដោយនិយាយថា រូបលោក​នឹងនៅរង់ចាំ​មើលទង្វើបន្ទាប់ទៀត ​របស់ទីក្រុងវ៉ាស៊ីនតោន​បន្តិច​​សិន មុនធ្វើការសម្រេចចិត្តចុងក្រោយ។

ដោយឡែក ជាការឆ្លើយតបចំពោះពាក្យសម្តីគំរាមកំហែង​របស់ទីក្រុងព្យុងយ៉ាង រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក James Mattis បានព្រមានវិញថា ការវាយ​​ប្រហារក្នុងទម្រង់ណាក៏ដោយ សំដៅមកលើកោះហ្គាំ ដែលជាទឹកដីសហរដ្ឋអាមេរិក នឹងឈានទៅរកការផ្ទុះសង្រ្គាមភ្លាមៗតែម្តង៕