(តេហេរ៉ង់)៖ ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាស្សាន រូហានី (Hassan Rouhani) នាថ្ងៃអង្គារនេះ​បាននិយាយ​ព្រមាន​ថា នឹងដើរចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​ត្រូវបាន​ចុះហត្ថលេខា​ជាមួយ បណ្តាប្រទេស​មហាអំណាច​ពិភពលោក កាលពី​ឆ្នាំ២០១៥ ប្រសិនបើ​សហរដ្ឋអាមេរិក នៅតែប្រឹងដាក់​ទណ្ឌកម្មថ្មី​ជាបន្តបន្ទាប់​ទៀត​នោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។

លោក Rouhani បានព្រមាន​ថា អ៊ីរ៉ង់បានត្រៀមចិត្ត​ត្រៀមកាយ​រួចជាស្រេច ដើម្បីចាកចេញ​ពី​កិច្ចព្រមព្រៀង​ឆ្នាំ២០១៥ ដែលប៉ុន្មាន​ឆ្នាំកន្លងទៅនេះ បានជួយដក​​ទណ្ឌកម្មអន្តរជាតិ​ជាច្រើន ចេញពីទីក្រុង​តេហេរ៉ង់ ជាថ្នូរនឹងការ​បញ្ឈប់កម្មវិធី​អាវុធនុយក្លេអ៊ែរ។ លោកប្រធានាធិបតី​អ៊ីរ៉ង់​បាន​បន្ថែមថា អ៊ីរ៉ង់ ពិតជាចង់​នៅ​បន្ត​​គោរព​តាមកិច្ចព្រមព្រៀង​ឆ្នាំ២០១៥នេះ ដែលរូបលោក​បានចាត់​ទុកជា គំរូនៃភាព​ជោគជ័យ​មួយ សម្រាប់សន្តិភាព និងការទូត​ទៅលើសង្រ្គាម និងឯកតោភាគី​​និយម ក៏ប៉ុន្តែវាពុំមែន​ជាជម្រើសតែមួយគត់​នោះឡើយ។ លោក Rouhani បាន​បន្តថា «លោក ដូណាល់ ត្រាំ បានស្តែងឲ្យឃើញថា លោកពុំអាចធ្វើជា​ដៃគូគួរឲ្យ​ចិត្តបាន មិនត្រឹមសម្រាប់​អ៊ីរ៉ង់ប៉ុណ្ណោះទេ តែសម្រាប់សម្ព័ន្ធមិត្ត​របស់សហរដ្ឋអាមេរិ​កថែមទៀត​ផង»។​

គួរបញ្ជាក់ថា ការអត្ថាធិប្បាយ​របស់ លោក Hassan Rouhani ត្រូវបាន​ធ្វើឡើង ស្របពេលដែល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ៥+១ គឺសមា​ជិក​អចិន្តៃ្រយ៍នៃ​ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ​រួមមាន ចិន បារាំង រុស្ស៊ី ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក បូកជាមួយនិង​អាល្លឺម៉ង់ កំពុង​តែ​មាន​​សម្ពាធ​កើនឡើង បន្ទាប់ពីទីក្រុង​តេហេរ៉ង់​បានធ្វើតេស្ត​មីស៊ីលផ្លោង ហើយទីក្រុង​វ៉ាស៊ីនតោន បានដាក់ទណ្ឌកម្ម​បន្ថែមថ្មី ដោយភាគី​ទាំងសង​ខាង បានចោទ​ប្រកាន់​​គ្នា​ទៅវិញ​ទៅមកថា ជាអ្នកបំពាន​លើកិច្ចព្រមព្រៀង​នេះមុន៕