(លីសបោន)៖ មនុស្សចំនួន ១២នាក់បានស្លាប់ និង ៥២នាក់រងរបួស បន្ទាប់ពីដើមឈើ​មួយដើមដ៏ធំ និងខ្ពស់​មានអាយុ​កាល ២០០ឆ្នាំ បានរលំសង្កត់​លើពួកគេ កាលពីល្ងាច​ថ្ងៃអង្គារ (ម៉ោងនៅទីក្រុង​លីសបោន)។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិនស៊ីនហួរ នាព្រឹក​ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។

ឧប្បទ្ទវហេតុខាងលើនេះ បានកើតមានឡើង​នៅទីលាន ឡាហ្គោ ដា ហ្វុនតេ (Largo da Fonte) ស្ថិតនៅក្នុងសង្កាត់ ម៉ុងតេ (Monte) នៃទីក្រុង​ហ្វាំងចាល់ (Funchal) របស់កោះ​ម៉ាឌារ៉ា (Madeira) ដោយមនុស្សម្នាដែលបានរងគ្រោះទាំងអស់នោះ គឺបានទៅចូលរួមពិធីបុណ្យ​សាសនាមួយនៅក្នុងតំបន់។ មនុស្ស ១០នាក់ត្រូវ​បានគេរាយការណ៍ថា បានស្លាប់ភ្លាមៗ​នៅហ្នឹងកន្លែងដើមឈើ​​រលំសង្កត់ ហើយ​០២នាក់ទៀត​បានស្លាប់​ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយក្នុងនោះក៏មាន​កុមារម្នាក់ផងដែរ។

គួរបញ្ជាក់តាមសម្តី​មន្ត្រីសុខាភិបាល​ក្នុងតំបន់ គឺលោក ផេដ្រូ រ៉ាម៉ូស (Pedro Ramos) បានថ្លែងថា មនុស្សចំនួន ០៧នាក់ ក្នុងចំណោមអ្នករងរបួសទាំងអស់ ៥២នាក់ កំពុងស្ថិតនៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរខ្លាំង។ មកទល់នឹងពេលនេះ គឺនៅ​មិនទាន់មានការបញ្ជាក់ថា មូលហេតុអ្វី​បានជាបណ្តាល​ឲ្យ ដើមឈើ​រលំយ៉ាងទាន់ហន់បែបនេះដែរ ប៉ុន្តែមតិ​​ពីសាធារណជនជាច្រើន បានរិះគន់ចំពោះ​អាជ្ញាធរ ដែលមិនអាចធ្វើ​ការគណនា និងពិនិត្យដឹងពីសុវត្ថិភាពនៃដើមឈើធំៗ ដែលងាយនឹងបង្ក​គ្រោះថ្នាក់ជាយថាហេតុ​បំផុតនោះ៕