(ស៊ីដនី)៖ លុយដុល្លារអាមេរិក និងទីផ្សារហ៊ុននៅអាស៊ី ចាប់ផ្តើមមានសន្ទុះឡើងវិញ​ហើយនាថ្ងៃពុធនេះ ស្របពេលដែល​ភាពតានតឹងដ៏ក្តៅគគុក​ ​ក្នុង​អំឡុងពេល​មួយ​សប្តាហ៍ចុង​ក្រោយនេះ រវាងទីក្រុង​វ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង​បានថមថយ​កម្តៅ​បន្តិចវិញ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia ដកស្រង់ពីបណ្តាញ Reuters នៅព្រឹក​ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។

ប្រមុខដឹកនាំកំពូល​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្រេចពន្យាពេល​លើការបាញ់គ្រាប់មីស៊ីល សំដៅទៅ​រកកោះហ្គាំ (Guam) ដោយលោកនឹងនៅទន្ទឹង​រង់ចាំមើល​សកម្មភាពរបស់​សហរដ្ឋអាមេរិកសិន ហើយទីក្រុងវ៉ាស៊ីនតោន​វិញ​បានឲ្យដឹងថា ខ្លួននៅតែមាន​ចំណាប់អារម្មណ៍ លើការបើកកិច្ចចរចា​ជាមួយ​ទីក្រុង​ព្យុងយ៉ាងដដែល ដោយវាអាស្រ័យ​តែទៅលើ លោក គីម ផ្ទាល់ប៉ុណ្ណោះថា ចង់ ឬមិនចង់នោះ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន​បន្ទាប់ពីយោធា​កូរ៉េខាងជើង បានប្រកាសពីផែនការ​វាយប្រហារមីស៊ីល ដើម្បីព្រមាន​កោះហ្គាំ ដែលជាតំបន់រដ្ឋបាល​អាមេរិក​ប្រចាំនៅតំបន់​ប៉ាស៊ីហ្វិក ទីផ្សារភាគហ៊ុនអាស៊ី និងប្រាក់​ដុល្លារ​អាមេរិក​បានធ្លាក់ចុះ​ភ្លាមៗតែម្តង ដោយសារតែកូរ៉េខាងជើង​ហាក់បង្ហាញសញ្ញាព្រមាន​​ច្បាស់លាស់ខ្លាំង​ជាង​រាល់ដង ជាការឆ្លើយតបចំពោះទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរពីសំណាក់យូអិន និងសហរដ្ឋអាមេរិក៕