(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថា បច្ចុប្បន្នមានសញ្ញាណ​មួយចំនួនបង្ហាញថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ​បានធូរស្រាល​ឡើងវិញ ប៉ុន្តែភាគីពាក់ព័ន្ធ​ទាំងអស់ចាំ​បាច់ណាស់ ត្រូវតែធ្វើការងាររួមគ្នា​ ដើម្បីដោះស្រាយវិបត្តិ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៦ ខែសីហា​ ឆ្នាំ២០១៧។

ការលើកឡើង​បែបនេះ​របស់ លោក វ៉ាង យី ធ្វើឡើង​នៅក្នុងកិច្ចសន្ទនា​តាមទូរស័ព្ទជាមួយសមភាគី​រុស្ស៊ី លោក សឺហ្គៃ ឡាវរ៉ូវ កាលពី​ថ្ងៃអង្គារ។ លោករដ្ឋមន្ត្រី​ការបរទេស​ចិន បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «តាមរយៈកិច្ចខិតខំ​ប្រឹងប្រែង​ពីគ្រប់ភាគី​ទាំងអស់​ ភាពតានតឹង​នៅលើឧបទ្វីប​កូរ៉េ​បានធូរស្រាល​បន្តិចឡើងវិញ​ ប៉ុន្តែចាំបាច់ណាស់​ត្រូវភាគីពាក់ព័ន្ធ​ទំាងអស់ ត្រូវតែធ្វើការងារ​រួមគ្នា ដើម្បីដោះស្រាយវិបត្តិ «ខែសីហា» នេះ។

ដោយឡែក​ទាក់ទិននឹងសំណុំរឿង​នុយក្លេអ៊ែរកូរ៉េខាងជើង បន្ទាប់ពីប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ បញ្ជាឱ្យក្រុម​មន្ត្រីរបស់​លោកបើកការ​ស៊ើបអង្កេត​ នូវអ្វីដែល​ទីក្រុងវ៉ាស៊ីនតោនចោទ​ថា ចិនបានលួចកម្មសិទ្ធិបញ្ញា​ពីបណ្ដាក្រុមហ៊ុនអាមេរិក ក្នុងទំហំទឹកប្រាក់ដល់ទៅ ៦០០ពាន់លានដុល្លារ រដ្ឋាភិបាលទីក្រុងប៉េកាំង​បានប្រកាសផ្អាក​ការនាំចូលធ្យូងថ្ម រ៉ែ និងផលិតផលគ្រឿង​សមុទ្រពី​កូរ៉េខាងជើង។ ការសម្រេចចិត្តនេះ ធ្វើឡើងអនុឡោម​ទៅតាមដំណោះស្រាយដាក់​ទណ្ឌកម្ម នៃ​ក្រុមប្រឹក្សាសន្តិសុខយូអិន ដែលមានគោល​បំណងកាត់បន្ថយ​ប្រាក់ចំណូលពី​វីស័យនាំចេញ​របស់ទីក្រុងព្យុងយ៉ាង ០៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ ក៏ប៉ុន្តែទន្ទឹមគ្នា ក្រុមអ្នកជំនាញ​ខ្លះយល់ថា សហរដ្ឋអាមេរិក​ដាក់សម្ពាធលើចិន​ឱ្យចូលរួមអនុវត្តន៍​ដំណោះស្រាយនេះ គឺមានគោលបំណង​ចង់បំបែកបំបាក់​ទំនាក់ទំនងរវាង​ចិន និង​កូរ៉េខាងជើង។

គួររំលឹកថា ក្នុងខែសីហានេះ​ស្ថានភាពនៅលើ​ឧបទ្វីបកូរ៉េ បានដើរដល់ដំណាក់​កាលតានតឹង​បំផុត រហូតដល់​សហរដ្ឋអាមេរិក និងកូរ៉េខាងជើង គំរាមធ្វើសង្រ្គាម​ដាក់គ្នា​ទៅវិញទៅមក។ តែទោះជាយ៉ាងក្ដី រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច ធីល្លឺសុន ​អះអាងថា សហរដ្ឋអាមេរិក​នៅតែបន្តមាន​ចេតនា​ចង់ជួបចរចាគ្នា​ជាមួយកូរ៉េខាងជើង​ដដែល បន្ទាប់ពីទីក្រុង​ព្យុងយ៉ាង បានសម្រេចផ្អាក​គម្រោង​នៃការ​បាញ់​មីស៊ីលតម្រង់​ទៅរក​កោះហ្គាំ (Guam) ដែលបាននាំឲ្យពិភពលោកទាំងមូល បង្ហាញក្តីព្រួយបារម្ភលើស​ពេលណាៗទាំងអស់នោះ៕