(ប៉េកាំង)៖ ចិននៅថ្ងៃអង្គារ​សប្ដាហ៍នេះ បានដាក់ឱ្យដំណើរ​ការសាកល្បង​រថយន្ដក្រុងឆ្លាតវៃ​ជំនាន់ថ្មី​របស់ខ្លួន​ ដែលអាចរត់លើផ្លូវ​ដោយស្វ័យប្រវត្តិ និងប្រើប្រាស់ដោយ​ថាមពលអគ្គិសនី។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។

យោងតាមក្រុមហ៊ុន​រដ្ឋចិនផ្នែក​វិស័យដឹកជញ្ជូន CRRC ការធ្វើតេស្ដនេះ​ធ្វើឡើងនៅលើ​ដងផ្លូវក្នុងទីក្រុង ស៊ូចូវ (Zhuzhou) នៃខេត្ត ហ៊ុយណាន (Hunan) ភាគកណ្ដាលប្រទេសចិន។ រថយន្ដក្រុងនេះ​មាន​ប្រវែង ១២ម៉ែត្រ ដើរដោយថាមពលអគ្គិសនី ព្រមទំាងអាចគ្រប់គ្រង​ដោយប្រព័ន្ធបញ្ជា​ដោយស្វ័យប្រវត្តិ​ទៀតផង ហើយមិនតែប៉ុណ្ណោះ​វាអាចរត់បានល្បឿន ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈអាជ្ញាធរចិន​រំពឹងថា រថយន្ដក្រុង​ឆ្លាតវៃនេះ អាចនឹងជួយ​សម្រួលដល់ការ​ធ្វើដំណើររបស់​អ្នកថ្មើរជើង៕