(តៃប៉ិ)៖ បន្ទាប់ពីមាន​ហេតុការណ៍ដាច់​ចរន្តអគ្គិសនីជាង ០៤ម៉ោង នៅទូទាំងកោះតៃវ៉ាន់ ក្រុមអ្នកជំនាញ​អគ្គិសនីបានស្នើ​ឱ្យមានការត្រួតពិនិត្យ និងកែប្រែឡើងវិញ​នូវប្រព័ន្ធថាមពល ដើម្បី​ជៀសវាងកុំឱ្យ​ហេតុការណ៍​បែបនេះ​កើតឡើង​​សាជាថ្មី ខណៈរដ្ឋមន្ត្រី​សេដ្ឋកិច្ច លោក លី ជីគង់ (Lee Chih-kung) បានសម្រេចចិត្ត​​សុំលាលែងពី​មុខតំណែង ជាការទទួលខុសត្រូវ​លើបញ្ហា​ដែលបាន​កើតឡើងថ្ងៃអង្គារ​ម្សិលមិញ។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន Taiwan N​ews នៅរសៀលថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។

ជាមួយគ្នានោះ ក្រុមអ្នកជំនាញទំាងនេះ ក៏បានជំរុញអាជ្ញាធរ​តៃវ៉ាន់ ផ្ដល់ដំណោះស្រាយ​ផងដែរ នៅពេលមានករណី​ដាច់ចរន្តអគ្គិសនី នៅអំឡុងរដូវក្ដៅ។​ ជានេះទៅទៀត​ពួកគេសន្មត់ថា បញ្ហាដាច់ចរន្ត​អគ្គិសនី គឺអាចបណ្ដាលមកពី​បញ្ហាបន្តិចបន្ដួច នៅឯស្ថានីយ៍​ថាមពល តាតាន (Tatan) ក្នុងទីក្រុង តាវយាន (Taoyuan) រីឯក្រុមអ្នក​ជំនាញខ្លះទៀត បានបញ្ចេញមតិផ្សេងៗ​គ្នាលើបញ្ហា​ប្រឈម​ពីរ នោះគឺការរំខាន និងកង្វះខាត​ថាមពល។ ក៏ប៉ុន្តែ លោក ហ៊ុង ហ្សេន ហាន (Hung Shen-han) ជាអគ្គលេខាធិការរង នៃអង្គការសម្ព័ន្ធភាព​សកម្មភាព​ប្រជាជនបៃតង (Green Citizens' Action Alliance) បាននិយាយថា បញ្ហាដាច់​ចរន្ត​អគ្គិសនី កាលពីថ្ងៃអង្គារ គឺអាចបណ្ដាល​មកពី​ភាពផុយស្រួយ នៃប្រព័ន្ធថាមពល​ដែលមានស្រាប់ ឬក៏ដោយសារបញ្ហា​ចរន្តអគ្គិសនី​ទាំងស្រុងតែម្ដង។

គួរបញ្ជាក់ថា បើតាម​លោក Hung Shen-han វាពិតជាចាំបាច់​ណាស់ ដែលក្រុមហ៊ុនរដ្ឋ Taiwan Power Corporation គួរតែចាប់ផ្ដើម​ធ្វើកំណែរទម្រង់លើ​បណ្ដាញផលិត និងផ្គត់ផ្គង់ថាមពលអគ្គិសនី ឱ្យទៅជាការចែកចាយថាមពល និងប្រព័ន្ធផ្គត់ផ្គង់​ដ៏ខ្លាំងវិញ៕