(ម៉ូស្គូ)៖ គោលជំហររបស់​ប្រទេសរុស្ស៊ី ជុំវិញការបោះឆ្នោត​ប្រជាមតិរបស់​ជនជាតិឃើដ ដើម្បីទាមទារ​ឯករាជ្យចេញ​ពីអ៊ីរ៉ាក់នោះ គឺប្រសើរបំផុត។ នេះ​បើ​តាម​ការ​​លើក​ឡើង​​របស់​ប្រធាន​ប្រតិភូ​នៃក្រុមប្រឹក្សាកំពូល​សម្រាប់ការបោះឆ្នោតប្រជាមតិនេះ លោក រ៉ូវ នួរី ហ្សាវ៉ាយ៍ (Rowsch Nuri Shaways) ដកស្រង់សម្តី​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅ​រសៀល​​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។

កាលពីខែកក្កដា​កន្លងទៅ រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បានគូស​បញ្ជាក់ថា ទីក្រុងម៉ូស្គូបានសន្មត់ថា សេចក្តីប្រាថ្នាចង់​បានការបោះឆ្នោត​ប្រជា​មតិនេះ របស់ជនជាតិឃើដ គួរតែអនុឡោមតាម​ក្របខណ្ឌ​នៃក្បួនច្បាប់អន្តរជាតិ ហើយលោករដ្ឋមន្រ្តី​ការបរទេសរុស្ស៊ី ក៏បានសម្តែងក្តី​សង្ឃឹមដែរថា ឆន្ទៈរបស់​បងប្អូន​ប្រជាពលរដ្ឋឃើដ នឹងត្រូវបង្ហាញ​ចេញដោយ​សន្តិវិធី។

បើតាមលោក Shaways ក្រោយពីបានឆ្លង​កាត់ការពិភាក្សាគ្នាយ៉ាងហ្មត់ចត់ ក្រុមប្រឹក្សាកំពូលបានសម្រេចថា ខ្លួនពុំមានបំណងនឹងរៀបចំការបោះឆ្នោតប្រជាមតិ​នេះឡើង នៅក្នុងអំឡុងពេលពីរឬក៏បីខែខាងមុខនោះឡើយ ខណៈកាលពីថ្ងៃទី០៧ ខែមិថុនា ប្រធានាធិបតីឃើដ លោក ម៉ាសួដ បាហ្សានី (Masoud Barzani) បានប្រកាសពីគោល​បំណង​របស់លោកថា នឹងប្រារព្ធការបោះឆ្នោត​ប្រជាមតិ ដើម្បីទាមទារឯករាជ្យ​នៃតំបន់ស្វយ័តឃើដ ចេញពីប្រទេស​អ៊ីរ៉ាក់ នៅថ្ងៃទី២៥ ខែកញ្ញាខាងមុខ។ ការ​​សម្រេចចិត្តនេះ​បានទទួលរង​ការរិះគន់ខ្លាំងៗ ពីសំណាក់រដ្ឋាភិបាល​ទីក្រុងបាកដាដ និងសហរដ្ឋអាមេរិក ដោយសារតែវាឆាប់រហ័សពេក។

គួរបញ្ជាក់ថា អ៊ីរ៉ង់, អ៊ីរ៉ាក់, តួកគី, និងស៊ីរី សុទ្ធតែមានវត្តមាន​ជនជាតិឃើដ​ភាគតិចទាំងអស់ ក៏ប៉ុន្តែមានតែប្រទេស​អ៊ីរ៉ាក់មួយប៉ុណ្ណោះ ដែលមានតំបន់ស្វយ័តផ្លូវ​ការ​សម្រាប់ជនជាតិឃើដ។ កាលពីឆ្នាំ២០០៥ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញអ៊ីរ៉ាក់​ បានទទួលស្គាល់តំបន់ស្វយ័តឃើដ ដែលគ្រប់គ្រងដោយ​រដ្ឋបាលថ្នាក់តំបន់ឃើដ ខណៈជនជាតិនេះ​ចូលរួមចំណែក ២០ភាគរយ ទៅក្នុងចំនួនប្រជាជនសរុបរបស់​ប្រទេសអ៊ីរ៉ាក់៕