​(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅ​ថ្ងៃព្រហស្បតិ៍នេះ​បានទទួលជួប​ពិភាក្សាការងារ​ ជាមួយប្រធានសេនាធិការ​យោធា​អាមេរិក លោកឧត្តមសេនីយ៍ ចូសិប ឌុនហ្វដ (Joseph Dunford) នៅឯសាលវិមាន​ប្រជាជនចិន​ ក្នុងទីក្រុងប៉េកាំង។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។

នេះគឺជាដំណើរ​ទស្សនកិច្ច​មកកាន់ប្រទេស​ចិន ជាលើកដំបូង​បំផុតរបស់ លោក Joseph Dunford ក្នុងនាមជាមន្ត្រី​ជាន់ខ្ពស់​អាមេរិក ចាប់តាំងពី​លោក​ ដូណាល់ ត្រាំ ចូលកាន់តំណែង​ជា​ប្រធានាអាមេរិក​មក។ ជាមួយគ្នានោះ កាលពីព្រឹក​មិញនេះ លោក ហ្វេន ឆាងឡុង (Fan Changlong) អនុប្រធានគណៈកម្មាការមជ្ឈិម​យោធាចិន ក៏បានជួបពិភាក្សា​ការងារជា​មួយ លោក Dunford ផងដែរ ដោយលោក​បានប្រាប់ លោក Dunford ថា ការប្រើប្រាស់​កម្លាំងយោធា​មិនមែនជាជម្រើស សម្រាប់ដោះស្រាយបញ្ហា​ជាមួយកូរ៉េខាងជើង​នោះទេ រីឯការចរចា​នៅតែវិធានការ​ដ៏ប្រសើរ ក្នុងការ​ដោះស្រាយបញ្ហា​បច្ចុប្បន្ន។

គួរបញ្ជាក់ថា មុននឹងធ្វើដំណើរ​មកកាន់ប្រទេស​ចិន លោក Dunford បានបំពេញ​ទស្សនកិច្ច​នៅក្នុងទីក្រុង​សេអ៊ូល ព្រមទាំងជួបពិភាក្សា​ការងារជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន។ ចំណែកឯ​របៀបវារៈ​រវាងលោក និងលោក ស៊ី ជិនពីង មិនត្រូវបានគេ​បញ្ជាក់នៅ​ឡើយទេ ខណៈគេរំពឹងថា ការដាក់ពង្រាយ​ប្រព័ន្ធមីស៊ីល THAAD​ នៅលើ​ឧបទ្វីបកូរ៉េ អាចនឹងត្រូវ​បានលើកយកជជែក​នៅក្នុងជំនួបនេះ។ លោក Dunford ក៏នឹងបំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេសជប៉ុន នៅប៉ុន្មាន​ថ្ងៃមុខនេះ៕