​(វ៉ាស៊ីនតោន)៖ សហអ្នកនិពន្ធសៀវភៅ​ជីវប្រវត្តិ​របស់ លោក ដូណាល់ ត្រាំ «The Art of the Deal» គឺលោក ថូនី ស្កាវ៉ាតស៍ (Tony Schwartz) បានព្យាករណ៍ថា ប្រធានាធិបតី​អាមេរិក​រូបនេះ អាចនឹង​លាលែង​ពីតំណែង​យ៉ាងយូរនៅចុង​ឆ្នាំ២០១៧​នេះ។ នេះបើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន The Independent នៅរសៀលថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។

យោងតាម The​ Idependent លោក Tony Schwartz​ ជឿជាក់​យ៉ាងមុតមាំថា លោក ដូណាល់ ត្រាំ អាចនឹងលាលែងពី​តំណែងជា​ប្រធានាធិបតី​អាមេរិក នៅរដូវស្លឹកឈើជ្រុះ​ខាងមុខនេះ ហើយលោក​ក៏បានព្យាករណ៍​ដែរថា លោក ត្រាំ ទំនងជាអាចនឹង​ឈានដល់កិច្ច​ព្រមព្រៀងមួយ ជាមួយស្ថាប័ន​នយោបាយអាមេរិក​ ដើម្បីទទួលអភ័យ​ឯកសិទ្ធិ នៅក្នុងសំណុំ​រឿងអាស្រូវមាន ទំនាក់ទំនង​ជាមួយរុស្ស៊ី​ ជាថ្នូរមកវិញនឹងការ​សន្យាលាលែងពី​ដំណែង​ជាប្រធានាធិបតី។ លោក Tony Schwartz បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ជាការពិតណាស់ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានចុះ​ទន់ខ្សោយ... ខ្ញុំពិតជា​មានការភ្ញាក់​ផ្អើលណាស់ បើសិនជា​គាត់អាចកាន់ដំណែង​នេះ រហូតដល់ចុងឆ្នាំ ព្រោះខ្ញុំជឿថា គាត់អាចនឹងលាលែង​ពី​តំណែងនៅរដូវស្លឹក​ឈើជ្រុះខាងមុខនេះ ឬអាចលឿន​ជាងនេះ​ក៏ថាបាន»

គួរបញ្ជាក់ថា ការសន្និដ្ឋាន​ខាងលើរបស់ លោក Tony Schwartz ធ្វើឡើងចំពេល​ដែល លោក ដូណាល់ ត្រាំ កំពុងរង​ការរិះគន់​យ៉ាងខ្លាំង​ បន្ទាប់ពីការ​អត្ថាធិប្បាយរបស់​លោក ពាក់ព័ន្ធនឹង​អំពើហិង្សា​រវាងក្រុម​ស្បែកស​និយមជ្រុល និងក្រុមអ្នករើសអើង​ជាតិសាសន៍ នៅឯ​ទីក្រុង ឆាឡូតតេសវាល (Charlottesville) នារយៈពេលប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ៕