(វ៉ាស៊ីនតោន)៖ អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក (USTR) លោក រ៉ូប៊ឺត ឡៃហ្ស៊ីស៊ឺ (Robert Lighthizer) បានចាប់ផ្តើមការ​ស៊ើបអង្កេតជា​ផ្លូវការហើយ ទៅលើការរំលោភ​កម្មសិទ្ធិបញ្ញា​​របស់ចិន​មកលើ​សហរដ្ឋអាមេរិក ទោះបីជាកំពុង​មានក្តីព្រួយបារម្ភ​អំពីហានិភ័យ នៃការបំផ្លិចបំផ្លាញ​ទំនាក់ទំនង​ពាណិជ្ជកម្ម រវាងទីក្រុងប៉េកាំង និងវ៉ាស៊ីន​តោន​​យ៉ាង​ណាក្តី។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០១៧។

ការិយា​ល័យ USTR បានឲ្យដឹងនៅ​ក្នុងសេចក្តីថ្លែងការណ៍​របស់ខ្លួនថា ការស៊ើប​អង្កេតនេះ នឹងធ្វើការកំណត់​ស្វែងរកធាតុពិត​ជាក់ស្តែងថា តើសកម្មភាព, គោល​នយោបាយ, និងការអនុវត្តន៍​របស់​រដ្ឋាភិបាលចិន ដែលទាក់ទិននឹង​ការផ្ទេរ​បច្ចេកវិទ្យា, កម្មសិទ្ធិ​បញ្ញា, និងគំនិតច្នៃប្រឌិត មានភាព​ត្រឹមត្រូវ ហើយបង្ក​ជាបន្ទុក​រាំង​ស្ទះ​ដល់ វិស័យពាណិជ្ជកម្ម​អាមេរិក​ដែរ ឬយ៉ាងណា។ កិច្ចចាប់ផ្តើម​ជាផ្លូវការនៃការស៊ើប​អង្កេតនេះ ត្រូវបានធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានផ្តល់សិទ្ធិ​អនុញ្ញាតឲ្យ លោក Lighthizer ពិចារណា​ចំពោះរឿងនេះ។

គួរបញ្ជាក់ថា ក្រុមមន្ត្រី​រដ្ឋបាល លោក ដូណាល់​ ត្រាំ បានប៉ាន់​ប្រមាណថា ការលួចកម្មសិទ្ធិ​បញ្ញា​ពីបណ្ដាក្រុមហ៊ុន​អាមេរិក​ដោយ​ចិន មានទំហំទឹក​ប្រាក់ជាង ៦០០ពាន់​លានដុល្លារ។ យ៉ាងណា​មិញ រដ្ឋាភិបាលចិន បានព្រមាន​វិញថា បើសង្គ្រាមពាណិជ្ជកម្ម​​រវាងសហរដ្ឋអាមេរិក និងចិន​ផ្ទុះឡើង គឺមានតែអ្នកចាញ់​​តែប៉ុណ្ណោះ មិនមាននរណាអាច​ឈ្នះឡើយ៕