(សេអ៊ូល)៖ ពលទាហាន​ម្នាក់បានស្លាប់ និង០៦នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍ផ្ទុះដ៏កក្រើក នៅអំឡុងនៃ​ការធ្វើសមយុទ្ធបាញ់​កាំភ្លើងធំមួយ កាលពីថ្ងៃ​សុក្រម្សិលមិញនេះ នៅក្បែរព្រំដែនអន្តរកូរ៉េ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០១៧។

យោធាកូរ៉េខាងត្បូង​បានឲ្យដឹងថា ហេតុការណ៍ផ្ទុះមិនដឹង​មូលហេតុមួយ បានកើតឡើង ក្នុងអំឡុងពេល​ដែលការធ្វើសមយុទ្ធ​បាញ់កាំភ្លើង ដែលបានបណ្តាល​​ឲ្យមនុស្សមួយ​ចំនួនទទួលរងរបួស ខណៈពលទាហាន​វ័យ ២៧ឆ្នាំម្នាក់​បានបាត់​បង់ជីវិត នៅពេលកំពុង​បញ្ជូនទៅកាន់​មន្ទីរពេទ្យ ដើម្បីសង្រ្គោះ​បន្ទាន់។ ទន្ទឹម​នឹងនេះ​ការស៊ើបអង្កេត​ក៏បានត្រូវធ្វើឡើង ចំពោះករណី​គ្រោះថ្នាក់នេះ​ផងដែរ។
មន្រ្តីយោធាដដែល​បានរៀបរាប់ថា ហេតុការណ៍នេះ​បានកើតឡើង​នៅ​ពេលដែល​កាំភ្លើងធំធុន K-9 Thunder មួយគ្រឿងក្នុង​ចំណោម ១០គ្រឿង បានឆាបឆេះរហូតដល់​ផ្ទុះឡើងបង្កឲ្យ​ក្រុមកងទ័ព ដែលកំពុងតែ​ដំណើរការវា​នៅពេលនោះ រងរបួស​ជាទម្ងន់។ យ៉ាងណាមិញ ពុំមាន​ទាហានអាមេរិក រងគ្រោះក្នុងហេតុការណ៍​នេះឡើយ។

គួរបញ្ជាក់ថា គ្រោះថ្នាក់នេះ​បានកើតមាន ស្របពេលដែល​កូរ៉េខាងត្បូង កំពុងត្រៀមខ្លួន​ធ្វើសមយុទ្ធយោធា​ប្រចាំឆ្នាំ Ulchi Freedom Guradian ជាមួយ​សហរដ្ឋ​អាមេរិក ដែលនឹង​ចាប់ផ្តើម​ពីថ្ងៃទី២១ ខែសីហានេះតទៅ ក្រោមការប្រឆាំង​តវ៉ាពីសំណាក់​ទីក្រុងព្យុងយ៉ាង ដែលបានចាត់ទុក​សកម្មភាពយោធានេះថា ជាការ​ហាត់សម​ដើម្បីឈ្លានពាន​កូរ៉េខាងជើង៕