(អាមេរិក)៖ មន្រ្តីប៉ូលិសម្នាក់​បានបាត់បង់ជីវិត និងម្នាក់ផ្សេងទៀត​បានទទួលរងរបួសធ្ងន់ នៅក្នុងការបាញ់​ប្រហារគ្នាមួយ នៅទីក្រុង គីសស៊ីមមី (Kissimmee) នៃរដ្ឋផ្លូរីដា​ ភាគអាគ្នេយ៍​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០១៧។

មេបញ្ជាការ​ប៉ូលិសក្រុង Kissimmee លោក ចេហ្វ អូឌែល (Jeff O'Dell) បានឲ្យដឹងថា កាលពីយប់​ថ្ងៃសុក្រសប្តាហ៍​នេះ (ពេលវេលានៅ​តំបន់កើតហេតុ) កម្លាំងប៉ូលិស​​ត្រូវ​បាន​គេ​​កោះ​ហៅ ឲ្យ​ទៅ​ត្រួតពិនិត្យ​មើលសកម្មភាព​គួរឲ្យ​សង្ស័យមួយ​ នៅឯតំបន់ផ្លូវ ផាមវ៉េយ៍ (Palmway) និង សាយប្រែស (Cypress) ហើយនៅពេល​ដែលក្រុម​មន្រ្តីប៉ូលិសបានទៅដល់ ជនមិនស្គាល់មុខ​​មួយក្រុម បានបើកការបាញ់ប្រហារ​ទៅលើពួកគេ​តែម្តង ខណៈប៉ូលិស​ពុំអាចមានឱកាស ធ្វើ​ការបាញ់​តបតត្រឡប់​ទៅវិញ​បាននោះឡើយ។

គួរបញ្ជាក់ថា បើតាមលោក O'Dell មនុស្សចំនួន ០៤នាក់ ត្រូវបានជាប់សង្ស័យ​ក្នុងហេតុការណ៍នេះ ដោយមនុស្ស ០៣នាក់ ហើយកំពុងស្ថិតក្រោម​ការឃាត់ខ្លួន ខណៈ​ជនទី៤ កំពុងរត់គេច​ខ្លួននៅឡើយ៕