(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃអាទិត្យនេះ ជាថ្មីម្ដងទៀតបានថ្កោលទោសយ៉ាងខ្លាំងចំពោះការធ្វើសមយុទ្ធយោធារួមគ្នា ប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ហើយថាវាគឺជាអាកប្បកិរិយាធ្វេសប្រហែសដែលអាចនឹងនាំឱ្យសង្រ្គាមនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េផ្ទុះឡើងតែប៉ុណ្ណោះ។​ ជាងនេះទៅទៀត កូរ៉េខាងជើងក៏បានព្រមានដែរថា កងទ័ពរបស់ខ្លួនអាចវាយប្រហារគ្រប់ពេលវេលាលើសហរដ្ឋអាមេរិក ក៏ប៉ុន្តែនេះមិនមែនជាលើកទីមួយឡើយ ដែលកូរ៉េខាងជើងគំរាមបែបនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន​ CNN នៅថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧។

កូរ៉េខាងជើងតាមរយៈកាសែតរដ្ឋ Rodong Sinmun បានអះអាងថា បច្ចុប្បន្នកងទ័ពរបស់ខ្លួន អាចវាយប្រហារដោយគ្មានត្រាប្រណីលើសហរដ្ឋអាមេរិក គ្រប់ពេលវេលានិងគ្រប់ទីកន្លែង ទំាងអស់មិនថាកោះហ្គាំ (Guam) ឬរដ្ឋ Hawaii ឬក៏ដែនដីគោគរបស់សហរដ្ឋអាមេរិកនោះទេ។ កាសែតមួយនេះ បានបញ្ជាក់ដូច្នេះថា៖ «ការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគឺជាអាកប្បកិរិយាធ្វេសប្រហែស ដែលអាចនឹងនំាឱ្យសង្រ្គាមនុយក្លេអ៊ែរ ផ្ទុះឡើង ហើយវាបង្ហាញរឹតតែច្បាស់ថាពួកគេនៅតែចិញ្ចឹមចិត្តប្រឆាំងនឹងយើង...ក៏ប៉ុន្តែពួកគេភ្លេចគិតថា មីស៊ីលឆ្លងទ្វីបរបស់យើងឥលូវមានសមត្ថភាព វាយប្រហារលើសហរដ្ឋអាមេរិកពីគ្រប់ទីកន្លែង រីឯកងទ័ពប្រជាជនកូរ៉េ ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់ជាមួយសត្រូវ...ដូច្នេះគ្មាន នរណាម្នាក់អាចធានា បានឡើយថាសង្រ្គាមមិនអាចផ្ទុះឡើង»

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន ស្ថានភាពនៅលើឧបទ្វីបកូរ៉េ បានស្ងប់ស្ងាត់បន្តិចបន្ទាប់ពីលោក គីម ជុងអ៊ុន សម្រេចចិត្តផ្អាកការបាញ់មីស៊ីលឆ្ពោះ ទៅកាន់កោះហ្គាំ តែស្ថានភាពតានតឹង នេះបានផ្ទុះឡើងជាថ្មីក្រោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ប្រកាសធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំឈ្មោះ Ulchi Freedom ដោយចាប់ផ្ដើមពីថ្ងៃចន្ទស្អែកនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា។ រីឯក្រុមអ្នកជំនាញយល់ថាទីក្រុងព្យុងយ៉ាង អាចនឹងធ្វើតេស្ដមីស៊ីលផ្លោងជាថ្មីឆ្លើយតប ទៅនឹងការធ្វើសមយុទ្ធយោធានេះ ដែលខ្លួនចាត់ទុកថាគឺជាសកម្មភាពត្រៀមឈ្លានពាន ផ្ដួលរំលឹករបបដឹកនាំលោក គីម ជុងអ៊ុន៕ ​