(សិង្ហបុរី)៖ នាវាពិឃាតអាមេរិក USS John McCain បានបុកជាមួយនឹងនាវាដឹកទំនិញមួយគ្រឿង នៅព្រឹកថ្ងៃ​ចន្ទ នេះក្នុងច្រកសមុទ្រ ម៉ាឡាក់កា (Malacca) ក្បែរប្រទេសសិង្ហបុរី ដែលបានបណ្តាលឲ្យនាវិក ០៥នាក់ រង​របួស និង ១០នាក់ផ្សេងទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយ​ដោយបណ្តាញព័ត៌មាន Sputnik នាព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧។

នាវាពិឃាតបំពាក់មីស៊ីលប្រដេញរបស់អាមេរិកខាងលើនេះ បានបុកនាវាដឹកកុងតឺន័រ ដែលមានឈ្មោះថា Alnic MC ខណៈដែលវាកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើត នៃប្រទេសសិង្ហបុរី។ របាយការណ៍កងនាវាចម្បាំងទី ៧ របស់សហរដ្ឋអាមេរិក បានបញ្ជាក់បន្ថែមទៀតថា ហេតុការណ៍ខាងលើនេះ​បានកើតឡើងនៅ​វេលាម៉ោង ៦៖២៤នាទីព្រឹកថ្ងៃចន្ទនេះ​តែម្តង ម៉ោងនៅប្រទេសសិង្ហបុរី ដោយនាវាពិឃាតអាមេរិក USS John McCain បានរងការខូចខាត​នៅផ្នែកខាងឆ្វេងយ៉ាងដំណំ។

ដោយឡែកម្ចាស់កម្មសិទ្ធិនៃនាវាដឹកកុងតឺន័រខាងលើនេះ គឺត្រូវបានគេបញ្ជាក់ថា ជារបស់ប្រទេសលីបេរីយ៉ា ដែលអាចស្តុកទំងន់បាន ៣០,០០០តោន និងមានប្រវែង ១៨៣ម៉ែត្រ បានធ្វើដំណើរពីកំពង់ផែ ព្យឿងតេក (Pyeongtaek) នៃប្រទេសកូរ៉េខាងត្បូង ឆ្ពោះមកកាន់សិង្ហបុរី។ បច្ចុប្បន្ននេះឆ្មាំការពារដែនសមុទ្រ និងកងកម្លាំងជើងទឹករបស់អាមេរិក កំពុងតែចេញទូកស្វែងរក និងសង្គ្រោះអ្នក​​ដែលកំពុងបាត់ដំណឹងទាំង ១០នាក់នោះហើយ។

នេះជាហេតុការណ៍ទីពីរហើយក្នុងឆ្នាំ២០១៧ នេះ ដែលនាវាពិឃាតអាមេរិក​ជួបគ្រោះ​ថ្នាក់ ដោយលើកទី១ នោះគឺត្រូវបាននាវាដឹកកុងតឺន័រខ្នាតធំរបស់ហ្វីលីពីនបុកកាលពីពីរខែមុន នៅក្នុងដែនទឹក​ប្រទេសជប៉ុន បានសម្លាប់នាវិកអាមេរិក ០៧នាក់ ខណៈរឿងក្តីនោះកំពុងត្រូវបានអូសបន្លាយមកទល់នឹងបច្ចុប្បន្ន ដោយអាជ្ញាធរជប៉ុន រួមនឹងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា USS John McCain គឺជាប្រភេទនាវាចម្បាំងបំពាក់មីស៊ីល មកពីកងប្រតិបត្តិការជើងទឹកលេខ ៧ របស់សហរដ្ឋអាមេរិក មានប្រភពនៅមូលដ្ឋានទ័ពកោះ យូកូស៊ូកា (Yokosuka) របស់ប្រទេសជប៉ុន។ រឿងក្តីថ្មីនេះ ក៏នឹងត្រូវបន្តធ្វើការដោះស្រាយផងដែរ បន្ថែមពីលើរឿងក្តីបុកគ្នាលើកមុនជាមួយនាវាដឹកទំនិញខ្នាតធំរបស់ហ្វីលីពីន ដែលមិនទាន់បញ្ចប់នៅឡើយទេ៕