(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន (Moon jae-in) បានបញ្ជាក់ការ​ប្តេជ្ញាចិត្តរបស់​ខ្លួន ក្នុងការធ្វើកំណែទម្រង់​វិស័យ​យោធា ព្រមទាំងដាក់​បន្ថែមកម្លាំង​ការពារជាតិ ដើម្បីប្រឆាំង​នឹងប្រទេស​កូរ៉េខាងជើង ដែល​ការប្តេជ្ញាចិត្ត​នេះ ត្រូវបានធ្វើឡើងនៅក្នុងថ្ងៃប្រកាស​តែងតាំងមន្ត្រីយោធា​កំពូលថ្មីរបស់​កូរ៉េខាងត្បូង​នាថ្ងៃអាទិត្យនេះ ដកស្រង់ដោយ​សារព័ត៌មាន Yonhap News ចេញផ្សាយ​នៅព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧នេះ។

«គោលដៅនៃការ​ធ្វើកំណែទម្រង់​វិស័យយោធា គឺដើម្បីឱ្យយោធាទទួលបានជោគជ័យ​ក្នុងការធ្វើសង្គ្រាម បំផុសគំនិត​ពួកគេពោរពេញ​ដោយភាព​ស្នេហាជាតិ និងសីលធម៌​ដល់ក្នុងចំណោម​យោធាគ្រាប់​លំដាប់ថ្នាក់ និងទទួលបានទំនុកចិត្ត​ខ្ពស់ពីប្រជាពលរដ្ឋ»។ នេះជាការលើកឡើងរបស់​ប្រធានាធិបតី​កូរ៉េខាងត្បូង នៅទីស្នាក់ការក្រសួងការពារជាតិ នៅក្នុងទីក្រុង​សេអ៊ូល។

លោក ជុង គ្យុង ឌូ (Jeong Kyeong-doo) អតីតនាយ​សេនាធិការទ័ព​អាកាស ត្រូវបានតែងតាំងជាប្រធាននាយ​សេនាធិការរួម ដើម្បីជំនួសដំណែងលោក លី ស៊ុន ជីន (Lee Sun-jin) ដែលបានចូលនិវត្តន៍​បន្ទាប់ពីបម្រើ​ការងារអស់​រយៈពេល ៤២ឆ្នាំ។ លោក Moon បានក្លាយជា​ថ្នាក់ដឹកនាំរដ្ឋ​ដំបូងគេ ដែលបានចូលរួម​ក្នុងកម្មវិធី​ផ្លាស់ប្តូរមេបញ្ជាការ​យោធា ព្រមទាំងគូស​បញ្ជាក់នូវ​ការបង្កើនកម្លាំង​យោធា ដើម្បីទប់ទល់នឹង​ការគំរាមកំហែង​របស់ប្រទេស​កូរ៉េខាងជើង៕