(ឡាហាវ៉ាន)៖ ក្រុមមន្ត្រី​ទូតអាមេរិក និងកាណាដា ព្រមទាំងក្រុមគ្រួសាររបស់ពួកគេជា​ច្រើននាក់ ត្រូវគេជឿជាក់ថា បានរងការវាយប្រហារ​ពីអាវុធដ៏អាថ៌កំបាំង​ម្យ៉ាង ដែលប្រើប្រាស់​កម្លាំង​សំឡេង​នៅ​ក្នុងទីក្រុងឡាហាវ៉ាន ប្រទេសគុយបា។ នេះបើតាមការចេញ​ផ្សាយដោយ​បណ្តាញព័ត៌មានអាមេរិក CNN នៅព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧។

ស្ថានីយ៍​ទូរទស្សន៍ CNN ផ្អែកលើក្រុមមន្ត្រី​ជាន់ខ្ពស់​អាមេរិកពីរនាក់ នៅក្នុងលក្ខខណ្ឌ​មិនបញ្ចេញ​អត្ដសញ្ញាណ បានឱ្យដឹងទៀតថា ​ក្រុមមន្ត្រី​ទូតអាមេរិក ១០នាក់ និងសមាជិក​គ្រួសារ​របស់ ពួកគេបាន​ទទួលការព្យាបាល​ បន្ទាប់ពីទទួលការរំខាន​ជាច្រើនខែ ដោយរាប់ចាប់​តាំងពីពាក់​កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៦​មកម្លេះ។​ បន្ថែមពីលើនេះ​មន្ត្រីទូតអាមេរិក ០២នាក់ ក្នុងចំណោម​អ្នក​ទាំងនេះ ដែលទទួលបាន​ការព្យាបាល​នៅក្នុង​សហរដ្ឋអាមេរិក បានរងរបួស​រយៈពេល​យូរ ក្នុងនោះរួមមាន​ទាំងការបាត់បង់​ការស្ដាប់លឺ (ថ្លង់) ក្រោយរងការ​វាយប្រហារ​ដ៏អាថ៌កំបាំង ហើយ ពួកគេមិនអាច​ត្រឡប់ទៅកាន់​ប្រទេសគុយបា​វិញនោះទេ។

ដោយឡែក បើតាមមន្ត្រីអាមេរិកទំាងពីរ​នាក់នេះដដែល កាលពីខែមិថុនា​កន្លងទៅ មន្ត្រីទូតកាណាដា ០៥នាក់ និងសមាជិក​គ្រួសារ ក៏មាន​រោគសញ្ញាណនៃការវាយប្រហារ​របៀបនេះដែរ។ តែទោះបីជាយ៉ាងណា មកទល់​ពេលនេះ​​ទំាងខាងមន្ត្រីអាមេរិក និងគុយបា មិនទាន់អាច​បញ្ជាក់ឱ្យបានច្បាស់​ពីការវាយប្រហារ​នេះឡើយទេ ខណៈក្រុមអ្នកស៊ើបអង្កេត​អាមេរិក​ កំពុងព្យាយាម​កំណត់ថា តើការវាយប្រហារ​ដោយសំឡេង​មានជាប់ពាក់ព័ន្ធ​នឹង​ប្រទេសជាគូ​ប្រជែង​របស់សហរដ្ឋអាមេរិក​ ដូចជា រុស្ស៊ី ចិន កូរ៉េខាងជើង អ៊ីរ៉ង់ និងវេណេស៊ុយអេឡា ឬក៏យ៉ាងណា​នោះទេ ៕