(សេអ៊ូល)៖ កូរ៉េខាងជើងបានបង្ហោះវីដេអូមួយ អមទៅដោយរូបភាពក្រាហ្វិកជាច្រើនសន្លឹក ដែលបង្ហាញពីផែនការវាយប្រហារលើកោះហ្គាំ (Guam) បន្ទាប់ពីខ្លួនបានគំរាមវាយប្រហារ ដោយគ្មានត្រាប្រណីលើសហរដ្ឋអាមេរិក សម្រាប់ការមិនអើពើនឹងការព្រមានរបស់ទីក្រុងព្យុងយ៉ាង ទាក់ទិកនឹងការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ជាមួយកូរ៉េខាងត្បូងនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Telegraph អង់គ្លេស នៅព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧។
នៅក្នុងវីដេអូនេះ ពិធីករនិងពិការិនីទូរទស្សន៍រដ្ឋកូរ៉េខាងជើង បានរៀបរាប់ពីរូបភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងឈរសម្លឹងមើលផ្នូរខ្មោចជាមួយនឹងឈើឆ្កាង ជាច្រើន ខណៈរូបភាពអនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ភែន, នាយក CIA លោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo), រដ្ឋមន្ត្រីការបរទេស លោក រិច ធីល្លឺសុន និងរដ្ឋមន្ត្រីការពារជាតិ លោក ជែមស៍ ម៉ាទីស ត្រូវបានភ្លើងឆេះ។
បន្ថែមពីលើនេះ បើតាមអក្សររត់នៅលើវីដេអូទីក្រុងព្យុងយ៉ាង បានគូសបញ្ជាក់យ៉ាងដូច្នេះដែរថា «ប្រជាជនអាមេរិកគួរតែរស់នៅបើកភ្នែកធំៗ និងត្រចៀកចាំស្ដាប់ ពីព្រោះពួកគេនឹងត្រូវរងទុក្ខមិនថាថ្ងៃ ឬក៏យប់ ដោយសារគ្រាប់មីស៊ីល Hwasong-12 ដែលនឹងត្រូវបានចេញដោយគ្មានពេលវេលាកំណត់ជាក់លាក់»។
គួររំលឹកថា កាលពីថ្ងៃទី០៨ ខែសីហា កូរ៉េខាងជើងបានព្រមានវាយប្រហារលើកោះហ្គាំ នៃតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដែលមានប្រជាជនអាមេរិកជិត ១៦០,០០០នាក់ រស់នៅ។ ក៏ប៉ុន្តែអ្នកជំនាញយល់ថា ការគំរាមដាក់គ្នាទៅវិញទៅមករវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន គ្រាន់តែជាសង្រ្គាមពាក្យសម្ដីគ្មានបានការតែប៉ុណ្ណោះ ត្បិតគូសត្រូវទាំងពីរសុទ្ធតែដឹងថា បើសង្រ្គាមផ្ទុះឡើងពួកគេនឹងរងរបួសធ្ងន់ទំាងសងខាង ហើយនេះក៏មិនមែនជាលើកទីមួយដែលពួកគេគំរាមធ្វើសង្រ្គាមដាក់គ្នា៕