(សេអ៊ូល)៖ ទីភ្នាក់ងារស៊ើបការសំងាត់កូរ៉េខាងត្បូង (NIS​) នៅថ្ងៃចន្ទបានប្រាប់សភាជាតិថា កូរ៉េខាងជើងបានបញ្ចប់ដំណាក់ត្រៀមលក្ខណៈហើយ ដើម្បីដឹកនាំការសាកល្បងបំផ្ទុះក្បាលគ្រាប់ នុយក្លេអ៊ែរជាលើកទី៦ នៅឯរូងក្រោមដីទី២ និងទី៣ នៃទីតាំងសាកល្បងនុយក្លេអ៊ែរ ភុងហ្គេរី (Punggye-ri)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ​CNN នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧។

ជាមួយគ្នានោះ NIS ក៏វាយតម្លៃដែរថាទីក្រុងព្យុងយ៉ាង អាចនឹងបាញ់សាកល្បងមីស៊ីលផ្លោងជាថ្មីម្ដងទៀត នៅមុនសមយុទ្ធយោធាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបញ្ចប់នៅ ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ឬក៏អាចនៅចំថ្ងៃដែលកូរ៉េខាងជើងរៀបចំពិធីរំលឹកខួបបង្កើតរបបកុម្មុយនីស្ដរបស់ខ្លួននៅថ្ងៃទី០៩ ខែកញ្ញា។ ដោយឡែក ពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីល កាលពី ថ្ងៃសៅរ៍កន្លងទៅ NIS បានបញ្ជាក់ថាគឺវាជាប្រភេទមីស៊ីលរយៈចម្ងាយខ្លី (SRMB) ខណៈសហរដ្ឋអាមេរិកអះអាងថាមីស៊ីល២គ្រាប់ត្រូវបានធ្វើតេស្ដដោយជោគជ័យ រីឯមួយគ្រាប់បានផ្ទុះ នៅលើលំហអាកាស។

មកទល់នឹងពេលនេះ ក្រុមអ្នកជំនាញជាច្រើននៅតែមានមន្ទិលសង្ស័យលើសមត្ថភាពមីស៊ីល និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ ក៏ប៉ុន្តែអ្វីដែលគេមិនអាចប្រកែកបាន នោះគឺថាបច្ចេកវិទ្យា មីស៊ីលឆ្លងទ្វីបរបស់របបកម្មុយនីស្ដមួយនេះកាន់តែរីកចំរើនទៅមុខនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ រហូតដល់ធ្វើឱ្យសហរដ្ឋអាមេរិក ត្រូវដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD នៅលើទឹកដីកូរ៉េខាងត្បូង បើទោះជាចិននិងរុស្ស៊ី ជំទាស់ក៏ដោយ។ ជាងនេះទៅទៀត សូម្បីតែទីភ្នាក់ងារស៊ើបការសំងាត់អាមេរិក ធា្លប់បានសន្និដ្ឋាននាពេលថ្មីៗនេះថាទីក្រុងព្យុងយ៉ាង ទំនង ជាផលិតបានដោយជោគជ័យហើយ នូវក្បាលគ្រាប់នុយក្លេអ៊ែរមានទំហំតូច និងស្រាលបំពាក់លើមីស៊ីល ICBM​ ដែលនេះអាចនឹងក្លាយជាការគំរាមកំហែងដ៏ធំ ដល់សន្តិសុខកូរ៉េខាងត្បូង និងជប៉ុន ជាជាងសហរដ្ឋអាមេរិក ព្រោះប្រទេសទាំងពីរនេះនៅជិតកូរ៉េខាងជើងស្រាប់។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរចំនួន៥លើក កាលពីឆ្នាំ២០០៦,២០០៩,២០១៣ និងពីរលើកចុងក្រោយក្នុងឆ្នាំ២០១៦។ ការធ្វើតេស្ដទាំងពីរលើកនេះ ទៀតសោត ត្រូវបានគេប៉ាន់ប្រមាណថាមានកម្លាំងផ្ទុះនៃម្សៅ TNT ពី៤ទៅ៦គីឡូតោនសម្រាប់ការធ្វើតេស្ដនៅខែមករា ឆ្នាំ២០១៦ និង១០គីឡូតោន នៅខែកញ្ញា ឆ្នាំដដែល៕