​(វ៉ាស៊ីនតោន)៖ មន្ទីបញ្ចកោណ​បានទទួលស្គាល់​ហើយថា កូរ៉េខាងជើង​ពិតជាបាន​បាញ់មីស៊ីល​មួយគ្រាប់ ហោះរំលងប្រទេសជប៉ុន​ប្រាកដ​មែន ប៉ុន្តែមីស៊ីលនេះ​មិនបានគំរាមកំហែង​អ្វី ដល់សហរដ្ឋអាមេរិក​ ឬក៏តំបន់អាមេរិកខាងជើងនោះទេ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន មន្ទីបញ្ចកោណ​បានបញ្ជាក់​យ៉ាងដូច្នេះថា «យើងអាច​អះអាងបានថា មីស៊ីលដែល​កូរ៉េខាងជើង​បានបាញ់សាកល្បង ពិតជាបានហោះ​រំលងលើប្រទេស​ជប៉ុន​... ហើយយើងកំពុងវិភាគ​លើការធ្វើតេស្ដនេះ​នៅឡើយ»។ ដោយឡែក​បើតាមយោធា​​កូរ៉េខាងត្បូង មីស៊ីលមួយគ្រាប់​​ខាងលើ​​ ត្រូវបានបាញ់ចេញពី​​តំបន់ ស៊ូណាន (Sunan) ក្នុងរដ្ឋធានី​​ព្យុងយ៉ាង​របស់កូរ៉េខាងជើង​​តែម្តង ឆ្ពោះទៅភាគឦសាន​​កាល​ពី​វេលា​​​ម៉ោង​ប្រមាណ​ ៥៖៥៧នាទីព្រឹក (ពេលវេលា​នៅទីក្រុងសេអ៊ូល) ហើយវាបាន​ហោះឆ្លងកាត់ផ្ទៃ​មេឃពីលើប្រទេស​ជប៉ុន មុននឹងធ្លាក់​ចូល​ទៅ​ក្នុង​ភាគ​ខាង​ត្បូង​​មហាសាគរ​ប៉ាស៊ី​ហ្វិក ដោយរត់បាន​ចម្ងាយជាង ២,៧០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់​អតិប​រមាប្រមាណ​ ៥៥០​គីឡូ​ម៉ែត្រ។

ជាមួយគ្នានេះ​រដ្ឋាភិបាលជប៉ុន​បាន​ឲ្យដឹងថា មីស៊ីល​កូរ៉េខាងជើង​​បានហោះឆ្លងកាត់​ពីលើតំបន់ភ្នំ ខេប អ៊ីរីម៉ូ (Cape Erimo) ដែលស្ថិតនៅខាងចុង​កោះហុកកៃដូ (Hokkaido) ភាគខាងជើង​ប្រទេសជប៉ុន ហើយធ្លាក់ចូលទៅក្នុង​ដែន​ទឹក​ចម្ងាយ​ ១,១៨០គីឡូម៉ែត្រពីទីនោះ។

គួរបញ្ជាក់ថា នេះពុំមែនជា​លើកទីមួយនោះ​ឡើយ ដែលទីក្រុងព្យុងយ៉ាង​បានបាញ់​មីស៊ីលផ្លោង​រំលងប្រទេស​ជប៉ុនបែបនេះ ដោយករណី​លើកមុននោះ បានកើត​ឡើងកាលពី​ឆ្នាំ២០០៩ ​ហើយទង្វើនេះ​ក៏ប្រៀបដូចជា​ការប្រមាថមើលងាយ​ថែមទៀតផងដែរ ចំពោះមេដឹកនាំ​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន រួមទាំង​ប្រធា​នា​ធិប​តី​​អា​មេ​រិក លោក ដូណាល់ ត្រាំ ដែលនៅតែព្យាយាម​ចង់បើកកិច្ចចរចា​សាជាថ្មី ជាមួយទីក្រុងព្យុងយ៉ាង។ ជុំវិញរឿងនេះ រដ្ឋាភិបាលទីក្រុង​តូក្យូផ្ទាល់ បាន​ថ្កោល​ទោស​​ខ្លាំងៗលើសកម្ម​ភាព​​​បង្ក​ហេតុ​របស់​​កូរ៉េ​ខាង​ជើង​ថា គឺជា​ការ​គំរាម​កំហែង​ដ៏​ធ្ងន់​ធ្ងរ​​ពុំ​ធ្លាប់​មាន ខណៈនាយក​រដ្ឋមន្រ្តី​ជប៉ុន លោក ស៊ីនហ្សូ អាបេ ក៏បានពិភាក្សា​តាម​ទូរស័ព្ទ​ជា​បន្ទាន់​ជាមួយ លោក ដូណាល់ ត្រាំ ផងដែរអំពីការបាញ់​មីស៊ីលដ៏​គគ្លើនបំផុតនា​លើក​នេះ៕