(រ៉ង់ហ្គូន)៖ អ្នកភូមិនៅក្នុងរដ្ឋរ៉ាឃីន ភាគខាងជើងប្រទេសមីយ៉ាន់ចំនួន ០៥នាក់ បានស្លាប់បន្ទាប់ពីក្រុម​ភេរវករ​ជ្រុលនិយមដែលមានគ្នាប្រមាណ ១០០នាក់ បានបើកការវាយប្រហារទៅលើ​រដ្ឋដ៏អសន្តិសុខមួយនេះ កាលពីចុងសប្តាហ៍មុន ដែលសរុបក្នុងរយៈពេលតែបីថ្ងៃប៉ុណ្ណោះ មនុស្សស្លាប់ក្នុងអំពើហិង្សា និងការ​វាយប្រហារដោយភេរវករ បានកើនឡើងដល់ចំនួន ១១០នាក់ឯណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ដែលទើបទទួល​បានព័ត៌មានលម្អិតនៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។

សារព័ត៌មានបានបន្តទៀតថា ក្រុមភេរវករបាន​ប្រើប្រាស់​កាំបិត និងដំបងវាយប្រហារទៅលើក្រុមអ្នកភូមិ​បណ្តាលឲ្យ ០៥នាក់ស្លាប់ នៅហ្នឹងកន្លែង​កើតហេតុ ខណៈជាច្រើននាក់​ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល។​ ជាសំណាងល្អកង​កម្លាំងរក្សាសន្តិសុខ​មីយ៉ាន់ម៉ា បានទៅដល់កន្លែងកើតហេតុ ទើបអាចសង្គ្រោះបាន​ប្រជាជនសរុប ៥៥នាក់ ដែលកំពុងរង​ការគំរាមកំហែងខ្លាំង ដោយក្រុមភេរវករ​ជ្រុលនិយមទាំងនោះ។

គួរបញ្ជាក់ថា រហូតមកទល់នឹង​ថ្ងៃចន្ទដើមសប្តាហ៍នេះ អំពើហិង្សាត្រូវបាន​គេរាយការណ៍ថា នៅតែបន្តនៅ​ឡើយនៅក្នុងរដ្ឋរ៉ាឃីន ភាគខាងជើងនៃសហភាពមីយ៉ាន់នេះ ហើយសំឡេងផ្ទុះអាវុធ និងគ្រាប់បែកច្នៃ​ក៏នៅតែបន្តលាន់លឺកងរំពងផងដែរ។ សម្រាប់ភូមិដែលរងគ្រោះធ្ងន់ជាងគេនោះ គឺភូមិ ម៉ងត (Maungtaw) ដែលប៉ូលិសមួយចំនួនបានទទួលរងរបួស ក្នុងការព្យាយាមបង្ក្រាបក្រុមភេរវករ។

អំពើហិង្សានៅក្នុងរដ្ឋរ៉ាឃីនតែងតែ​ផ្ទុះឡើង​ជារឿយៗ នៅប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ដោយគិតតែ​រយៈពេល​បីថ្ងៃចុងសប្តាហ៍មុន​នេះប៉ុណ្ណោះ អំពើហិង្សា និងការវាយប្រហារ​ដោយក្រុមភេរវករ​ជ្រុលនិយម បានបណ្តាលឲ្យ​មនុស្សស្លាប់​សរុប ១១០នាក់ ទៅហើយ៕