(តូក្យូ)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តី​ជប៉ុន លោក ស៊ីនហ្សូ អាបេ ទីបំផុតបានឯកភាព​គ្នាថា ខណៈពេលនេះ​ពុំមែនជាពេល​ដ៏សាក​សម ដើម្បីធ្វើការចរចា​ជាមួយប្រទេស​កូរ៉េខាងជើង​នោះឡើយ នៅក្នុងអំឡុង​នៃការជួបសន្ទនា​គ្នា​តាមទូរស័ព្ទ​រវាងមេដឹកនាំ​ទាំងពីរ ដែលត្រូវបាន​ធ្វើឡើង ក្រោយ​សកម្មបង្កហេតុ​នៃការបាញ់​មីស៊ីល​ផ្លោងរយៈចម្ងាយមធ្យម របស់ទីក្រុងព្យុងយ៉ាង​នៅព្រឹកថ្ងៃ​ដដែលនេះ។ នេះបើតាម​សេចក្តីរាយការណ៍​របស់សារព័ត៌មាន​ជប៉ុន​ Kyodo News និងដកស្រង់​ដោយ​ទីភ្នាក់​ងារ​​ព័ត៌​មាន​​កូរ៉េ​ខាងត្បូង យុនហ៉ាប់ នៅរសៀល​ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។

យោងតាមប្រភពព័ត៌មាន​ខាងលើ ក្រុមមន្រ្តីជាន់ខ្ពស់​ជប៉ុន​បានឲ្យដឹងថា លោក ត្រាំ និងលោក អាបេ បានមូលមតិគ្នាថា ការធ្វើតេស្តមីស៊ីល​ដ៏គគ្លើននាលើកនេះ​ ដែលបានរត់រំលងដែនអាកាសរបស់ប្រទេស​ជប៉ុននោះ បានស្តែងឲ្យឃើញ​យ៉ាងជាក់​ច្បាស់ថា ឥឡូវនេះ ពុំមែនជា​ពេលវេលា​សាកសម សម្រាប់ការចរចា​ជាមួយ​កូរ៉េខាងជើង​ឡើយ ហើយមេដឹកនាំ​នៃប្រទេសទាំងពីរ បានយល់ស្របថា ការដាក់សម្ពាធ​កាន់តែខ្លាំង​ថែមទៀត គឺជារឿងដ៏ចាំ​បាច់បំផុត។

នាឱកាសជួបសន្ទនា​គ្នាពីចម្ងាយនេះ លោក ដូណាល់ ត្រាំ បានផ្តល់ទំនុកចិត្ត​ជាថ្មីម្តងទៀត អំពីការប្តេជ្ញា​ការពាររបស់​សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធមិត្ត​ជប៉ុន ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោន​គឺនឹងស្ថិតនៅជាមួយ​ទីក្រុងតូក្យូ ១០០ភាគរយតែម្តង។ ក្រៅពីនេះ លោក ត្រាំ និងលោក អាបេ ក៏មានទស្សនៈ​យល់ឃើញ​ដូច​គ្នាផងដែរថា តួនាទីរបស់ចិន​ក៏ដូចជារុស្ស៊ី មានសារៈសំខាន់​ជាខ្លាំង នៅក្នុងការដោះស្រាយ​បញ្ហានៅ​ឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា នាព្រលឹមថ្ងៃអង្គារនេះ កូរ៉េខាងជើង​បានបាញ់សាកល្បង​មីស៊ីលចំនួន​មួយគ្រាប់ ចេញ​ពី​តំបន់មួយកន្លែង ស្ថិតក្នុងរដ្ឋធានី​ព្យុងយ៉ាងតែម្តង ឆ្ពោះ​ទៅ​កាន់​​ភាគឦសាន ហើយហោះឆ្លងកាត់​កោះហុងកៃដូ (Hokkaido) ជាកោះធំនៃភាគខាងជើងប្រទេសជប៉ុន មុនធ្លាក់ចូល​ដែនទឹកក្នុង​មហាសាគរ​ប៉ាស៊ីហ្វិក បន្ទាប់ពីរត់បាន​​ចម្ងាយ​​ជាង​ ២,៧០០គីឡូម៉ែត្រ និងឡើងដល់​រយៈកម្ពស់ ៥៥០គីឡូម៉ែត្រ៕