(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង​បានអះអាងថា គ្រាប់មីស៊ីលរបស់​កូរ៉េខាងជើង ដែលបានហោះឆ្លងកាត់​ភាគខាងជើងជប៉ុន​នាព្រឹកថ្ងៃអង្គារនេះ គឺជាមីស៊ីលផ្លោង​​រយៈចម្ងាយ​មធ្យម IRBM។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។

មន្រ្តីយោធាដែល​សុំមិនបញ្ចេញ​ឈ្មោះម្នាក់ បានថ្លែងប្រាប់ក្រុម​អ្នកសារព័ត៌មាន​ក្នុងស្រុកថា កងទ័ព​កូរ៉េខាងត្បូង បច្ចុប្បន្ន​បានធ្វើការវាយតម្លៃ​ក៏ដូចជាស្ទាបស្ទង់​​ឃើញថា មីស៊ីល​កូរ៉េខាងជើង​មានប្រភេទ​ជាមីស៊ីល​ផ្លោង IRBM ដែលទើបត្រូវ​បានអភិវឌ្ឍន៍ថ្មី​របស់ទីក្រុង​ព្យុងយ៉ាង គឺមីស៊ីលផ្លោង Hwasong-12 ខណៈមីស៊ីល​នេះ​ធ្លាប់ត្រូវបាន​កូរ៉េខាងជើង​អះអាង កាលពីពាក់កណ្តាល​ខែឧសភាកន្លងទៅថា ត្រូវបានធ្វើតេស្តបាញ់​សាកល្បងដោយ​ជោគជ័យ ដោយកាលនោះ​វារត់បាន​ចម្ងាយប្រមាណ ៧៨០គីឡូម៉ែត្រ ហើយឡើង​ដល់កម្ពស់អតិបរមា ២,១១០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា បើតាមការឲ្យ​ដឹងពីអគ្គសេនាធិការ​ចម្រុះកូរ៉េខាងត្បូង (JSC) នាព្រលឹម​ថ្ងៃអង្គារនេះ កូរ៉េខាងជើង បានបាញ់សាកល្បង​មីស៊ីលចំនួន​មួយគ្រាប់ ចេញ​ពី​តំបន់​មួយកន្លែង ស្ថិតក្នុងរដ្ឋធានីព្យុងយ៉ាង​តែម្តង ឆ្ពោះទៅកាន់​ភាគឦសាន និងហោះឆ្លងកាត់​កោះហុងកៃដូ (Hokkaido) ភាគខាងត្បូង​ប្រទេសជប៉ុន មុនធ្លាក់ចូល​ដែនទឹកក្នុងមហាសាគរប៉ាស៊ីហ្វិក បន្ទាប់ពីរត់បានចម្ងាយជាង ២,៧០០គីឡូម៉ែត្រ និងឡើងដល់រយៈកម្ពស់ ៥៥០គីឡូម៉ែត្រ៕