(ញូដេលី)៖ គ្រោះមហន្តរាយ​ទឹកជំនន់ដ៏មហាសែនអាក្រក់ ដែលកំពុងបង្កទុក្ខលំបាក​នៅក្នុងរដ្ឋប៊ីហារ (Bihar) ភាគខាងកើត​ប្រទេសឥណ្ឌា បានផ្តល់ជីវិតមនុស្ស​អស់ចំនួន​ ៥១៤នាក់ហើយពេញមួយ​ខែសីហានេះ ដែលគ្រោះមហន្តរាយដ៏អាក្រក់ មិនធ្លាប់កើតមានក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ។ នេះបើតាមក្រុម​មន្រ្តីក្រសួងគ្រប់គ្រង​គ្រោះមហន្តរាយជាតិ​ឥណ្ឌា ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​រសៀល​ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧។

យោងតាមអាជ្ញាធរ​ឥណ្ឌា ស្ថានភាពនៃគ្រោះ​ទឹកជំនន់​នៅក្នុងរដ្ឋ Bihar នៅតែបន្តភាពអាក្រក់​ខ្លាំងដដែល នៅក្នុងស្រុក សាម៉ាស្ទីភើ (Samastipur), មូហ្សាហ្វាភើ (Muzaffarpur), និង ដាបហាងហ្គា (Darbhanga) ​ជា​ដើម​ស្រប​ពេល​ដែលទន្លេ ប៊ួរី ហ្គានដាក (Burhi Gandak) និង បាហ្គម៉ាទី (Bagmati) កំពុងតែមាន​ការជន់ជោរខ្លាំង លើសពីកម្រិត​គ្រោះថ្នាក់ទៅហើយ។

គិតមកទល់ថ្ងៃអង្គារនេះ គ្រោះធម្មជាតិខាងលើបាន​ជះ​ផល​ប៉ះ​ពាល់​ ដល់​ប្រជាជនឥណ្ឌាប្រមាណ ១៧.១លាន នាក់នៅតាមស្រុកចំនួន ២១ នៃរដ្ឋ Bihar ខណៈមនុស្សសរុប ៥១៤នាក់ បានបាត់បង់ជីវិត​នៅទូទាំងរដ្ឋនេះ ដោយ​សារតែ​ទឹកជំនន់។ ជាមួយគ្នានេះ រដ្ឋបាលថ្នាក់​តំបន់ ក៏បានប្រកាស​ផ្តល់ជំនួយជាថវិកា​ប្រមាណ ៦,២៥៨ដុល្លារ ដល់គ្រួសារ​ទាំងឡាយណា ដែលបាន​បាត់បង់​សមាជិក​របស់ខ្លួន នៅក្នុងគ្រោះមហន្តរាយ​នេះផងដែរ។

គួរបញ្ជាក់ថា ទន្ទឹមនឹងនេះ​ចំនួនមនុស្សស្លាប់​នៅក្នុងរដ្ឋ យូតាប្រាដេស (Uttar Pradesh) ដែលបាន​និងកំពុងតែរង​គ្រោះ ដោយសារតែទឹកជំនន់ដូចគ្នានោះ បាន​កើនឡើងដល់ ១០៩នាក់ហើយ ខណៈមនុស្ស​ប្រហែល ២.៥លាននាក់នៅទីនោះ​រងផល​ប៉ះពាល់៕