(សិង្ហបុរី)៖ អតីតប្រធានសភា លោកស្រី ហាលីម៉ាហ៍ រ៉ាកូប (Halimah Yacob) ត្រូវបាន​ប្រកាសតែងតាំង​ជា ប្រធានាធិបតី​សិង្ហបុរី​ស្ត្រីដំបូងគេ​បំផុតក្នុងប្រវត្តិសាស្ត្រ នៅក្នុងចំណោមបេក្ខជន ០៤នាក់ ផ្សេងទៀត នៅថ្ងៃពុធនេះ បន្ទាប់ពីឯកសារ​តែងតាំងរបស់​លោកស្រី​ ត្រូវទទួលស្គាល់​ជាផ្លូវការ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុ​ធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងនៅឯការិយាល័យ​នាយកដ្ឋានកិច្ចការ​បោះឆ្នោត លោកស្រី Halimah Yacob បានលើក​ឡើងយ៉ាងដូច្នេះថា «បើទោះបី​ជាការបោះឆ្នោតនេះ​ គឺជាការបោះឆ្នោត​បម្រុង​ក៏ដោយ ក៏ប៉ុន្តែខ្ញុំមិនមែន​ជា ប្រធានាធិបតីបម្រុង​នោះទេ ហើយខ្ញុំគឺជា​ប្រធានាធិបតីសម្រាប់​ប្រជាជនសិង្ហបុរី​ទាំងអស់គ្នា។ ជាងនេះទៅទៀត យើងចាំបាច់​ត្រូវប្រកៀកស្មាគ្នា​ទៅវិញទៅមក... យើងមិនទាន់​ឈានដល់ ចំណុចកំពូល​នៅឡើយទេ តែខ្ញុំស្នើឱ្យយើង​ទាំងអស់គ្នាផ្ដោត​សំខាន់​លើភាពស្រដៀងគ្នា ដែលយើងមាន មិនមែនផ្ដោត​សំខាន់លើភាព​ខុសគ្នា​ឡើយ»។

គួរបញ្ជាក់ថា លោកស្រី Halimah Yacob នឹងក្លាយ​ជាប្រធានាធិបតីសិង្ហបុរី​ជាស្ត្រី និងជនជាតិ​ម៉ាឡេស៊ីដំបូងគេបំផុត​ក្នុងរយៈពេល ៤៧ឆ្នាំមកនេះ​។ លោកស្រីនឹង​ស្បថចូលកាន់​តំណែងក្នុង នាមជាប្រធានាធិបតី​សិង្ហបុរីទី ០៨ នៅថ្ងៃព្រហស្បតិ៍​ស្អែកនេះ នាម៉ោងប្រមាណ ៦៖០០នាទីល្ងាច (ម៉ោងក្នុងតំបន់) នៅឯវិមានប្រធានាធិបតី Istana៕