(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយ​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) នៅឯសេតវិមាននៃរដ្ឋធានី​វ៉ាស៊ីនតោន និងហុចដៃស្វាគមន៍កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការបណ្តាក់ទុន​វិនិយោគជាច្រើន​​ថែមទៀត ពីសំណាក់ប្រជាជាតិ​អាស៊ានមួយនេះ។ នេះបើតាម​ការចេញផ្សាយដោយ​​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងទៅកាន់ក្រុម​អ្នកសារព័ត៌មាន មុនជួបពិភាក្សា​ជាមួយលោក រ៉ាហ្សាក់ នៅសេតវិមាន លោក ដូណាល់ ត្រាំ បានប្រាប់ថា «យើងនឹងជជែក​ពិភាក្សាគ្នា​ អំពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្មដ៏ធំធេង​មែនទែន»។ ជាមួយគ្នានេះ លោកនាយករដ្ឋ​មន្រ្តីម៉ាឡេស៊ី​​បានបន្ថែមថា ប្រទេសរបស់លោក នឹងទិញយន្តហោះ Boeing ធុន 737 ចំនួន ២៥គ្រឿង Boeing Dreamliner ធុន 787 ចំនួន​ ០៨គ្រឿង ហើយអាចនឹងទិញ Boeing 737 បន្ថែម ២៥គ្រឿងទៀត នាពេលអនាគតយ៉ាងខ្លីខាងមុខ។ ដូច្នេះក្នុងរយៈពេល​ ០៥ឆ្នាំ កិច្ចព្រមព្រៀងដ៏ធំនេះ នឹងមានតម្លៃប្រមាណ ១០ពាន់លានដុល្លារសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា មេដឹកនាំប្រទេសអាស៊ាន​រូបនេះ ក៏បានសន្យាអំពីការវិនិយោគទុន​បន្ថែមប្រមាណ ០៣ ទៅ ០៤ ពាន់លានដុល្លារ​បន្ថែម ពីសំណាក់មូលនិធិ​សោធននិវត្តន៍ម៉ាឡេស៊ី​ដ៏ធំមួយ ដើម្បីគាំទ្រដល់​គម្រោងអភិវឌ្ឍន៍​ ប្រព័ន្ធហេដ្ឋា​រច​នាសម្ព័ន្ធ​នៅ​សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ក៏​បានកោតសរសើរ​ចំពោះ​​គោល​ជំហរ​រឹង​មាំ​​របស់​ លោក រ៉ាហ្សាក់ ក្នុង​​ការ​​ប្រយុទ្ធ​​ប្រឆាំង​​នឹង​ភេរវកម្ម នៅម៉ាឡេស៊ី​ផងដែរ៕