(រ៉ង់ហ្គូន)៖ ក្រុមសកម្ម​ប្រយុទ្ធ​អាល់កៃដា បានចេញសេចក្ដី​ថ្លែងការណ៍មួយ ដោយអំពាវនាវឱ្យជនមូស្លីម​ទាំងអស់គាំទ្រដល់​ ជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ដែលកំពុង​ប្រឈមមុខនឹង​អំពើហិង្សា​នៅក្នុងរដ្ឋរ៉ាឃីន ហើយថែមទាំង​ព្រមានដែរថា មីយ៉ាន់ម៉ា នឹងទទួលរងទណ្ឌកម្ម​យ៉ាងសាកសម​ទៅនឹងអំពើឧក្រិដ្ឋ​ ដែលខ្លួនបានប្រព្រឹត្ត។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters​​ នៅរសៀលថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួន ក្រុមអាល់កៃដា ដែលសហរដ្ឋអាមេរិក​ចោទថា ជាមេក្លោងនៅពីក្រោយការវាយប្រហារ​មហាភេរវកម្ម​ថ្ងៃទី១១ ខែកញ្ញា ២០០១ បានជំរុញឱ្យ​អ្នកកាន់​សាសនាអ៊ីស្លាម ឬជនមូស្លីមទាំងអស់​នៅលើពិភពលោក ផ្ដ​ល់ជំនួយដល់មូស្លីមរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេស​មីយ៉ាន់ម៉ា រួមមាន​ទាំងអាវុធ និងការគាំទ្រ​ផ្នែកយោធា។

ក្រុមអាល់កៃដា​បានព្រមានយ៉ាងដូច្នេះថា «ការធ្វើទុក្ខបុកម្នេញ​យ៉ាងសាហាវឃោឃៅ​លើបងប្អូនមូស្លីមរបស់​យើង... មិនត្រូវឱ្យវារំលង​ទៅដោយគ្មានការដាក់​ទណ្ឌកម្ម​នោះទេ... ដូច្នេះយើង​អំពាវនាវឱ្យជនមូស្លីម​ទាំងអស់ នៅក្នុងប្រទេស​បង់ក្លាដែស ឥណ្ឌា ប៉ាគីស្ថាន និងនៅហ្វីលីពីន​​ចូលទៅក្នុងប្រទេស​មីយ៉ាន់ម៉ា ដើម្បីជួយដល់បង​ប្អូនមូស្លីមរ៉ូហ៊ីងយ៉ា​របស់យើង ព្រមទាំងជួយ​បណ្ដុះបណ្ដាល​ពួកគេឱ្យមាន លទ្ធភាពប្រឆាំង​នឹងការគាប​សង្កត់»។

គួរបញ្ជាក់ថា ចាប់តាំងពីជម្លោះ​រវាងយោធាមីយ៉ាន់ម៉ា និងក្រុមសកម្មប្រយុទ្ធ​រ៉ូហ៊ីងយ៉ា ​ផ្ទុះឡើងកាលពី​ថ្ងៃទី ២៥ ខែសីហាមក បានបណ្ដាលឱ្យ​មនុស្ស ៤០០នាក់ ភាគច្រើនជារ៉ូហ៊ីងយ៉ាបាន​ស្លាប់ និងជាង ៤០០,០០០នាក់ បានរត់ភៀសខ្លួន​ទៅកាន់ព្រំដែន​ប្រទេសបង់ក្លាដែស។​ ក៏ប៉ុន្តែ​យោធាមីយ៉ាន់ម៉ា​បានអះអាងថា ខ្លួនកំពុងប្រយុទ្ធ​ប្រឆាំងនឹងពួក​សកម្មប្រយុទ្ធ មិនមែនមាន​គោលដៅ​លើជនស៊ីវិល​នោះទេ រីឯ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំស្ដីពីជម្លោះនេះ នៅថ្ងៃពុធនេះ (ម៉ោងនៅក្នុង​ទីក្រុងញូយ៉ក)៕