(វ៉ាស៊ីនតោន)៖ ទោះបីជា​ភពអង្គារ (Mars) បច្ចុប្បន្ន​គឺជាគោលដៅចម្បង សម្រាប់បញ្ជូនមនុស្ស​ទៅធ្វើការសិក្សា​ស្រាវជ្រាវ​​ក៏​ដោយ​ក្តី ទីភ្នាក់ងារ​អវ​កាស​អាមេរិក NASA នៅតែត្រៀម​លក្ខណៈរួចរាល់​ជាស្រេច ដើម្បី​បង្វែរ​ការ​​យក​ចិត្ត​ទុក​ដាក់​ ទៅ​រក​ឋាន​​ព្រះ​ច័ន្ទ​របស់​យើងវិញ ប្រសិន​រដ្ឋបាល​លោក ដូណាល់ ត្រាំ បង្គាប់ឲ្យ​ធ្វើយ៉ាងដូច្នោះ​មែននោះ ដោយគម្រោង​សម្រាប់ទៅកាន់​ភព​អង្គារ អាចត្រូវ​សម្របខ្លួន សម្រាប់បេសកកម្ម​ទៅកាន់​ព្រះច័ន្ទបាន។ នេះបើតាមការ​ចេញផ្សាយ​ដោយ​វែបសាយ Futurism នៅរសៀលថ្ងៃ​ចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

សព្វថ្ងៃនេះ អាទិភាព​ចម្បងរបស់​អង្គការ NASA នៅពេលពាក់ព័ន្ធ​នឹងការធ្វើដំណើរ​ក្នុងទីអវកាស គឺធ្វើយ៉ាងណា នាំយក​មនុស្ស​ទៅកាន់ភពព្រះអង្គារ​ឲ្យឆាប់ តាមតែ​អាចធ្វើទៅបាន។ ដោយឡែក ទីភ្នាក់ងារ​អវកាស​អាមេរិកនេះ ធ្លាប់បានបង្ហើប​ឲ្យដឹងថា ខ្លួន​​ប្រហែលជា មិនអាចបញ្ជូនមនុស្ស​ទៅកាន់​ភពក្រហម Mars បានឡើយ ដោយសារ​បញ្ហាខ្វះខាត ការឧបត្ថម្ភ​ផ្នែកហិរញ្ញវត្ថុពី​រដ្ឋា​ភិបាល ក៏ប៉ុន្តែគម្រោង​សំខាន់ៗមួយចំនួន មក​ពី​ក្រុម​​ហ៊ុន​អវកាស​ឯកជន​ដូចជា SpaceX ជាដើមនោះ បានរក្សាក្តី​សុបិន្តនេះ​​ឲ្យ​នៅបន្តមាន​ដង្ហើមតទៅ​មុខទៀត។

យ៉ាងណាមិញ ប្រសិនបើរដ្ឋាបាល​អាមេរិក​បច្ចុប្បន្ន សម្រេចថា​នឹងផ្លាស់ប្តូរការ​យកចិត្តទុកដាក់ ទៅលើឋានព្រះច័ន្ទ​វិញនោះ NASA នឹងនៅតែអាចសម្រប​ខ្លួនតាមបានជានិច្ច។ ថ្លែងអំពីសមត្ថភាព​របស់ NASA ក្នុងការធ្វើដំណើរ​ទៅកាន់ព្រះច័ន្ទ ក្នុងករណី​ដែលត្រូវបង្គាប់ឲ្យ​ធ្វើយ៉ាងដូច្នោះនោះ លោកស្រី Ellen Ochoa នាយកមជ្ឈមណ្ឌល​អវកាស Johnson របស់​អង្គការ NASA បាន​និយាយ​ថា​ «ខ្ញុំគិតថា យើងមានសមត្ថភាព​គ្រប់គ្រាន់ ដើម្បីទៅកាន់​ឋានព្រះច័ន្ទ ដោយវាមិនប្រឆាំង​ជាមួយនឹងអ្វីដែលយើង​កំពុង​ធ្វើនោះ​ឡើយ»។

គួរបញ្ជាក់ថា យានអវកាស Orion របស់ NASA គឺជាកូនសោ​ដ៏សំខាន់មួយ សម្រាប់គម្រោង​ទៅកាន់ភពអង្គារ របស់ទីភ្នាក់ងារ​​អវកាសនេះ ខណៈវារួមទាំង​ប្រព័ន្ធរ៉ុក្កែត Space Launch System នឹងត្រូវឆ្លងកាត់ការ​សាកល្បង​នៅចន្លោះ​ឆ្នាំ២០១៩ និងឆ្នាំ​២០២៣។ ក្រោយមកទៀត ការសាងសង់​ស្ថានីយ៍អវកាស Deep Space Gateway នៅក្បែរឋាន​ព្រះច័ន្ទ នឹងចាប់ផ្តើម ដែលវា​នឹង​​ត្រូវប្រើប្រាស់​ជាមូលដ្ឋានមួយ សម្រាប់​បេសកកម្ម​នាពេលអនាគត ទៅកាន់ភពអង្គារ និងសកម្មភាព​នានា នៅលើព្រះច័ន្ទ​ផ្ទាល់​តែម្តង៕​