(បាកដាដ)៖ បើទោះជាទទួលរងការព្រមាន​ពីបណ្ដារដ្ឋជិតខាង និងការព្រួយ​បារម្ភថា សង្រ្គាមនៅក្នុងតំបន់​អាចនឹងផ្ទុះឡើង​ក៏ដោយ ក៏រដ្ឋាភិបាលនៃក្រុមជនជាតិឃើដ ស្ថិតនៅភាគខាងជើងប្រទេស​អ៊ីរ៉ាក់ បានចាប់ផ្ដើម​ជាផ្លូវការហើយ​ការបោះឆ្នោតប្រជាមតិ​ ស្ថិតនៅក្នុងគោលដៅប្រកាស​ឯករាជ្យ​នៅថ្ងៃចន្ទនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

ការិយាល័យ​បោះឆ្នោតបានបើក​ទ្វារនៅម៉ោង ៨៖០០នាទីព្រឹក រហូតដល់ម៉ោង ៦៖០០នាទី​ល្ងាច (ម៉ោងនៅ​ក្នុងតំបន់) ហើយលទ្ធផល​ចុងក្រោយ​នឹងត្រូវប្រកាស​ នៅរយៈពេល ៧២ម៉ោងបន្ទាប់។ ក៏ប៉ុន្តែ​ទន្ទឹមនឹង​គ្នានេះ លទ្ធផលត្រូវបានគេទាយទុក​ជាមុនថា ប្រជាជនឃើដ​នឹង​បោះឆ្នោត «Yes» ឬយល់ព្រម​ឱ្យឃើដប្រកាស​ឯករាជ្យ ដែលនេះនឹង​ផ្ដល់អាណត្តិ​ឱ្យមេដឹកនាំ​ឃើដ លោក ម៉ាស្សួដ បាហ្សានី (Massoud Barzani) ស្វែងរកកិច្ចចរចា​ជាមួយរដ្ឋាភិបាល​អ៊ីរ៉ាក់ និងរដ្ឋជិតខាង​មួយចំនួន។

ថ្លែងនៅពេលតម្រង់ជួររង់ចំា​បោះឆ្នោត នៅឯសាលារៀន​មួយកន្លែង ក្នុងទីក្រុង អឺប្រ៊ីល (Erbil) ជារដ្ឋធានីឃើដ ពលរដ្ឋឃើដ​ម្នាក់ឈ្មោះ រីសហ្គា (Rizgar) បានលើកឡើងយ៉ាងដូច្នេះថា « យើងរង់ចំា​ពេលវេលា​នេះ អស់រយៈពេល ១០០ឆ្នាំមកហើយ... យើងចង់មាន​រដ្ឋដូចគេឯង ជាមួយនឹងជំនួយ​ពីព្រះជាម្ចាស់ ហើយនៅថ្ងៃនេះ​គឺជាថ្ងៃគួរឱ្យសាទរ​ សម្រាប់ប្រជាជន​ឃើដ​ទាំងអស់... បើព្រះជា​ម្ចាស់ត្រូវការ យើងនឹង​និយាយថា «Yes» ទៅកាន់ឃើដ​ជាទីស្រឡាញ់​របស់យើង»។

គួរបញ្ជាក់ តួកគី អ៊ីរ៉ាក់ ស៊ីរី និងរដ្ឋជិតខាង​មួយចំនួនទៀត សុទ្ធតែជំទាស់​នឹងឯករាជ្យរបស់ឃើដ ដោយពួកគេសុទ្ធ​តែអះអាងដូចគ្នាថា នឹងចាត់វិធានការ​ឆ្លើយតប បើសិនជាឯករាជ្យ​ឃើដធ្វើឱ្យ ប៉ះពាល់ដល់ស្ថេរភាព​នៅក្នុងតំបន់ ឬក៏សន្តិសុខ​នៅក្នុងប្រទេស​​របស់ពួកគេ ខណៈមាន​តែ​អ៊ីសា្រអែល​​តែមួយគត់ ដែលបានចេញមុខគាំទ្រជា​សាធារណៈឱ្យឃើដប្រកាស​ឯករាជ្យ៕