(អ៉ីស្លាម៉ាបាដ)៖ កងកម្លាំងយោធា​ពិសេស​រុស្ស៊ី និងប៉ាគីស្ថាន នៅថ្ងៃចន្ទនេះ​បានចាប់ផ្ដើម​ធ្វើសមយុទ្ធយោធា​ប្រឆាំង​ភេរវកម្មឈ្មោះ «DRUZBA 2017» មានរយៈពេល ០២សប្ដាហ៍​នៅក្នុងទីក្រុង​មីនឺរ៉ាល់យ៉េ វ៉ូឌី (Mineralnye Vody) ប្រទេសរុស្ស៊ី ហើយពិធីបើក​សមយុទ្ធនេះ ក៏មានការចូល​រួមពីមន្ត្រីយោធា​ជាន់ខ្ពស់ នៃប្រទេស​ទាំងពីរ​ផងដែរ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារសារ ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

ជាមួយគ្នានោះ យោធាប៉ាគីស្ថាន​នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន ក៏បានឱ្យ​ដឹងដែរថា សមយុទ្ធរួមគ្នានេះ​ នឹងផ្ដោតសំខាន់លើប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹងពួកភេរវករ ជួយរំដោះ​ចំណាប់ខ្មាំង សម្របសម្រួល និងប្រតិបត្តិការ​ស្វែងរកជាដើម។ ជាងនេះ​ទៅទៀត តាមរយៈសមយុទ្ធនេះ នឹងជួយពង្រឹង​ទំនាក់ទំនង​យោធា​រវាងរុស្ស៊ី និង​ប៉ាគីស្ថាន ឱ្យកាន់តែ​ជិតស្និទ្ធ ខណៈទំនាក់ទំនង​រវាង​ទីក្រុងអ៉ីស្លាម៉ាបាដ និងទីក្រុង​វ៉ាស៊ីនតោន កំពុងមានភាព​រង្គោះរង្គើខ្លាំងនឹងគ្នា។

គួរបញ្ជាក់ថា នេះគឺជាលើកទី​០២ ក្នុងរយៈពេលមួយឆ្នាំ​ដែលប៉ាគីស្ថាន និងរុស្ស៊ីធ្វើ​សមយុទ្ធយោធា​រួមគ្នា បន្ទាប់ពីកាលពី​ខែកញ្ញា ឆ្នាំ២០១៦ កងកម្លាំង​ពិសេសរុស្ស៊ី ១០០នាក់ បានចូលរួម ក្នុងសមយុទ្ធយោធារួមគ្នា នៅក្នុងប្រទេស​ប៉ាគីស្ថាន៕